ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ប្រជាពលរដ្ឋនៅរាជធានី ចំនួនជិត២លាននាក់ ហើយទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គិតត្រឹមថ្ងៃ២៨ ខែឧសភានេះ ប្រជាពលរដ្ឋរស់នៅភ្នំពេញ ចំនួនជិត២លាននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាលដែលថា អ្នករស់នៅភ្នំពេញ នឹងទទួលបាន ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ គ្រប់គ្នា យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជំរុញឱ្យក្រុមការ ងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់ឱ្យបានលឿន ដើម្បីឱ្យការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្រប តាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។
ជាក់ស្តែង ចាប់ពីថ្ងៃទី១៨កុម្ភៈ រហូតមកដល់ថ្ងៃទី២៨ ឧសភា២០២១នេះ ប្រជាពលរដ្ឋនៅភ្នំពេញចំនួន១.៩១៤.៦៤១នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្នុងនោះ តួលេខ នៅថ្ងៃទី២៦ ឧសភា មានចំនួន១.៨២១.៥៥៩នាក់ និងតួលេខនៅថ្ងៃទី២៧ ឧសភា ម្សិលម៉ិញ បន្ថែមចំនួន
៩៣.០៨២នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកចាក់បានកើនឡើងរហូតដល់ចំនួន១.៩១៤.៦៤១នាក់ ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃ២៨ ឧសភា ឆ្នាំ២០២១នេះ ៕

ដោយ៖ សំរិត


ចែករំលែក៖