ព័ត៌មានទាន់ហេតុការណ៍៖

សំណាងមែនទែន!! រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នានៅមុខវត្តស្លែង​ តែគ្មានអ្នករបួស

ចែករំលែក៖

     ភ្នំពេញ​ ៖​ រថយន្តដឹកដីធុនធំមួយគ្រឿងបើកបរក្នុងល្បឿនលឿន​ និងមិនប្រយ័ត្ន​ចាប់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំនួន៣គ្រឿងផ្សេងទៀត​បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ០៥និង០០នាទីល្ងាច ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិ ដើមស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

      បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តដឹកដីធុនធំមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-0256បើកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនលឿនជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តបីគ្រឿង​បន្តកន្ទុយគ្នា​មាន(រថយន្តTundra​ ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BC-9427 ,រថយន្តLuxus RX-300ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AT-8695​ និងរថយន្តព្រូសមិនចាំស្លាកលេខមួយគ្រឿងទៀត)​ បណ្តាលឲ្យរងការខូចខាត​ តែគ្មានអ្នករបួសឡេីយ​ ។ 

    ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ​ មានរថយន្ត​ Tundra​ រងការខូចខាតខ្លាំងជាងគេ​ ដោយឡែករថយន្ត LEXUS RX300 និងរថយន្តព្រូស​ រងការខូចខាតតិចតួច​ ខណៈម្ចាស់រថយន្តព្រូសក៏ខ្ចិលរញ៉េរញៃក៏បើកចេញពីកន្លែងកើតហេតុបាត់ទៅ។

    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍បានចុះមកដល់ទីតាំងកើតហេតុហេីយឲ្យភាគីទាំង៣និយាយចរចាគ្នាតែមិនត្រូវគ្នា​ ទេីបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញ​ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖