តុលាការមីយ៉ាន់ម៉ា បានកាត់ទោសមនុស្ស២៨នាក់ឱ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទវាយប្រហារដុតបំផ្លាញរោងចក្រចិនពីរកន្លែងនៅទីក្រុង Yangon កាលពីខែមីនាកន្លងមក។ កាលពីខែមីនាកន្លងមក ចិនបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយមានក្រុមហ៊ុនរោងចក្រដល់ទៅ៣២ កន្លែងរបស់ចិនត្រូវដុតបំផ្លាញពីក្រុមបាតុករមីយ៉ាន់ម៉ា។ បណ្តាញទូរទស្សន៍មីយ៉ាន់ម៉ា Myawaddy ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានមីយ៉ាន់ម៉ា បានផ្សាយថា មនុស្ស២៨នាក់ត្រូវបានចោទប្រកាន់ពីបទដុតបំផ្លាញរោងចក្រនៅតំបន់ឧស្សាហកម្ម Hlaing Tharyar ស្ថិតនៅក្នុងទីក្រុងធំៗរបស់ប្រទេសមីយ៉ាន់ម៉ា។ សារព័ត៌មានរ៉យទ័របានផ្សាយថា មានមនុស្ស១៨នាក់ក្នុងចំណោម ២៨នាក់ត្រូវបានតុលាការមីយ៉ាន់ម៉ាចេញដីកាចាប់ខ្លួន។ កាលពីពាក់កណ្តាលខែមីនា ចិនបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះក្រុមហ៊ុន រោងចក្រចិនចំនួន៣២កន្លែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានដុតបំផ្លាញ ធ្វើឲ្យចិនខាតបង់ទឹកប្រាក់ដល់ទៅជាង ៣៦លានដុល្លារ។ តាមការប្រកាសរបស់ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានឱ្យដឹងថា រោងចក្រដែលរងការដុតបំផ្លាញនៅតំបន់ឧស្សាហកម្ម Shwe Lin Ban ក្នុងទីក្រុងYangon គឺជារោងចក្រកាត់ដែរ។ ទីក្រុងប៉េកាំង បានស្នើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ចាត់វិធានការទៅលើជនដៃដល់ដែលបំផ្លាញរោងចក្រចិន៕
ដោយ៖ធីរីណា(រូបភាព៖Reuters )