ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនជនត្រូវចោទពីបទ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងដីកាចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ បានចេញ(ដីកាបង្គាប់ឲ្យឃុំខ្លួន)លេខ៥០៧ឃខ/២១ ចុះនាព្រឹកថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ បានបង្គាប់មកភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ សឿប ធាំង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិ.ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀបរាប បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅពន្ធនាគារខេត្តពោធិ៍សាត់ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី បង្គាប់ឲ្យប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ទទួលយកជននេះ និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ បង្គាប់ឲ្យភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះត្រូវសហការអនុវត្តឲ្យបានល្អនៅពេលចាំបាច់ ដោយជននេះជាប់ចោទពីបទ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត ដែលបានប្រព្រិត្តនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ។

 គួររំលឹកថា ជនត្រូវចោទពីបទ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត និងត្រូវបានឃុំខ្លួនឈ្មោះ(សឿប ធាំង)តាមអំណាចតុលាការ ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បន្ទាប់សមត្ថកិច្ច(យោធា)ប្រទេសថៃបាញ់ប្រជាពលរដ្ឋខ្មែរត្រង់ចន្លោះចំណុចភ្លុកដំរី(ព្រំដែនកម្ពុជា.ថៃ ផ្លូវលេខ៥៦ ធ្វើឲ្យឈ្មោះ លាន  ណាត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិ.ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប  ត្រូវគ្រាប់ចំកំភួនជើងខាងស្ដាំ(ធ្ងន់)ហើយយោធាប្រទេសថៃបានយកជនរងរបួស(លាន ណាត)មកប្រគល់ជូនកម្លាំងវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨២៥ ដោយឃើញឈាមហូរច្រើនសមត្ថកិច្ចយើងបានបញ្ជូនជនរងរបួសទៅមណ្ឌលសុខភាពថ្មដា និងបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត បណ្ដើរស្រាវជ្រាវបណ្ដើរ ។ ហើយជនរងរបួស(លាន ណាត)បានប្រាប់សមត្ថកិច្ចថាខ្លួនស្នាក់នៅជាមួយឈ្មោះ សឿប ធាំង ដែលត្រូវ(ឃាត់ខ្លួន)ហើយឈ្មោះ សឿប ធាំង នេះ ក្នុងអំឡុងឆ្នាំ២០២០កន្លងទៅ បានសម្រួលទីតាំងឲ្យមនុស្សស្នាក់នៅ ដើម្បីឆ្លងដែនចូលកាប់ឈើគ្រញូង ខុសច្បាប់ក្នុងទឹកដីប្រទេសថៃច្រើនដង នេះបើតាមការបញ្ជាក់ពីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៕

ដោយ ៖ បុឹម ពិន


ចែករំលែក៖