នៅថ្ងៃទី២៨ខែឧសភា តាមតួលេខដែលបានប្រកាសរបស់ក្រសួងសុខាភិបាល វៀតណាម ប្រកាសថា មានមនុស្ស ១៧៤នាក់ ឆ្លងកូវីដ-១៩ ហើយនៅខេត្ត Bac Giang មានអ្នកឆ្លងកើនឡើងដល់ទៅ១២៣នាក់។ ទីក្រុងហ៊ូជីមិញ ២៥នាក់ ខេត្តបាក់និញ២០នាក់ រដ្ឋធានីហាណូយ៣នាក់ ខេត្តឡាងសឺង២នាក់។
ការឆ្លងរាលដាលកើនឡើងខ្ពស់នៅក្នុងប្រទេសវៀតណាម បាន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការផ្គត់ផ្គង់បច្ចេកវិទ្យានៅលើពិភពលោក។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ បានផ្សាយថា ក្រុមហ៊ុនឧស្សាហកម្មបានរាយការណ៍ឲ្យដឹងថា ការឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺកូវីដ-១៩ បានធ្វើឱ្យដំណើរការផលិតកម្មរបស់រោងចក្រនានា នៅតាមបណ្តាខេត្តឧស្សាហកម្មភាគខាងជើង នៃប្រទេសវៀតណាមបានធ្លាក់ចុះយ៉ាងខ្លាំង។
ខេត្តភាគខាងជើងប្រទេសវៀតណាម ជាកន្លែងប្រមូលផ្តុំដោយរោងចក្រឧស្សាហកម្មធំៗតួយ៉ាងដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន Samsung និងក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកផ្សេងៗទៀត។ បន្ទាប់ពីទទួលបានជោគជ័យលើការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០កន្លងទៅនេះ វៀតណាមនៅពេលនេះកំពុងប្រឈមមុខនឹងការផ្ទុះឆ្លងក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយធំលើសពេលណាៗ។ មនុស្សជាង ៣,០០០នាក់នៅក្នុងទីក្រុង និងខេត្តចំនួន៦៣ ហើយ ដែលត្រូវបានរាយការណ៍ថា បានឆ្លងជំងឺនេះ ចាប់តាំងពីចុងខែមេសាកន្លងទៅ។
រដ្ឋធានីហាណូយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងនៃទីក្រុងហូជីមិញ បានបិទភោជនីយដ្ឋាន និងហាមឃាត់ការជួបជុំសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ប្រភពពីក្រុមហ៊ុនអាជីវកម្មធំៗចំនួនបួនបាននិយាយថា ប្រតិបត្តិការរបស់ពួកគេត្រូវបានរងផលប៉ះពាល់ ដោយសារតំបន់មួយចំនួនត្រូវបានបិទខ្ទប់ ខណៈក្រុមហ៊ុនខ្លះទៀតតម្រូវឲ្យបែងចែកវេនបុគ្គលិកធ្វើការ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងកូវីដ-១៩។ ការណ៍នេះវាបានធ្វើឱ្យមានការព្រួយបារម្ភអំពីការរំខានដល់ចង្វាក់ផ្គត់ផ្គង់៕ដោយ៖ ធីរីណា