ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀរម៉ូតូមួយគ្រឿងបណ្តាលឲ្យដួលរងរបួសធ្ងន់បុរសអ្នកបើកម៉ូតូ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១០៥K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1E-8030ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥Aក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តព្រូសពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AX- 3407បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងបានបត់ឆ្វេងដៃដោយខ្វះការប្រុងប្រយ័ត្នធ្វើឱ្យកៀរម៉ូតូបណ្ដាលឲ្យដួលរងរបួសធ្ងន់អ្នកបើកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ហើយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្កយល់ព្រមសងសំណងថ្លៃព្យាបាលនិងការខូចខាតទៅភាគីខាងម៉ូតូទាំងអស់៕
ដោយ ៖ និន សុភ័ស្ត