ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, មួយថ្ងៃបន្ទាប់ពី WhatsApp បានប្ដឹងរដ្ឋាភិបាលឥណ្ឌាទាក់ទងទៅនឹងច្បាប់អុីនធឺណិតថ្មី ដែលទាមទារឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មផ្ញើសារតាមរយៈប្រព័ន្ធបណ្ដាញសង្គមត្រូវតែផ្ដល់ប្រភពអ្នកផ្ញើទៅឱ្យរដ្ឋាភិបាលនៅពេលដែលមានការស្នើសុំមក ក៏មានជនអនាមិកផ្ញើសារចែកចាយព្រមានថា រដ្ឋាភិបាលឥណ្ឌាកំពុងតែថតសម្លេង និងទាញយកសារជាមួយនឹងកម្មវិធី WhatsApp។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានលើកឡើងថា, ពួកគេបានអះអាងថា ប្រសិនបើអ្នកប្រើប្រាស់ឃើញសញ្ញាគូសបីឆ្នូត (tick) ដែលមានពណ៌ខៀវពីរនិងពណ៌ក្រហមមួយនេះមានន័យថា រដ្ឋាភិបាលអាចចាប់ផ្ដើមនីតិវិធីផ្សេងៗជាមួយលោកអ្នក។ ប្រសិនបើវាមានពណ៌ខៀវមួយនិងពណ៌ក្រហមពីរវិញនោះមានន័យថា រដ្ឋាភិបាលកំពុងតែធ្វើការវិភាគទៅលើទិន្នន័យរបស់អ្នកប្រើប្រាស់។ ជាងនេះទៅទៀតពួកគេក៏បានអះអាងផងដែរថា ប្រសិនបើអ្នកប្រើប្រាស់កម្មវិធី WhatsApp និយាយរិះគន់រដ្ឋាភិបាលពួកគេអាចនឹងត្រូវចាប់ខ្លួន។
បើតាមការបញ្ជាក់របស់អ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន WhatsApp ពុំទាន់មានបន្ថែមលក្ខខណ្ឌ ឬមុខងារដែលបានចែកចាយនៅក្នុងសារនេះទេ។ ជាទូទៅសញ្ញាគូសនេះត្រូវបានប្រើសម្រាប់សម្គាល់ទាក់ទងទៅនឹងដំណើរការណ៍របស់សារ គូសមួយមានន័យថាសារត្រូវបានផ្ញើ គូសពីរសម្រាប់សម្គាល់សារត្រូវបានទទួល និងគូសពីរពណ៌ខៀវមានន័យថាសារត្រូវបានអានរួចហើយ។
គួរបញ្ជាក់ដែរថា កម្មវិធី WhatsApp គឺជាកម្មវិធីដែលមានប្រព័ន្ធ end-to-end encryption ដូច្នេះពុំមានអ្នកណាអាចមើលសារទាំងនេះបានក្រៅពីអ្នកផ្ញើនិងអ្នកទទួលសារតែប៉ុណ្ណោះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះក្រុមហ៊ុន WhatsApp បានដាក់លក្ខខណ្ឌថ្មីដែលទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យប្រើប្រាស់មួយចំនួនទៀត ជាមួយក្រុមហ៊ុនហ្វេសប៊ុក ប្រសិនបើលោកអ្នកមានបំណងចង់បន្តប្រើកម្មវិធីនេះ៕
ដោយ ៖ សិលា