ភ្នំពេញ៖ ពិតជាមិនអាចទប់ទឹកភ្នែកបានទេក្រោយពីគេបានឃើញសភាពនៃការយំសោកសង្រេងរបស់កូនប្រុសស្រីវ័យក្មេងរបស់ អ្នកនាង ស៊ិន ឧត្តមផល្លា យំគគ្រូកជិតសពម្តាយ។ ពេលនេះពួកគេបានឃ្លាតពីឪពុកដែលមានភរិយាថ្មីចេញទៅរស់នៅក្រៅប្រទេស ខណៈដែលម្តាយបានទទួលមរណភាពគ្មានថ្ងៃវិលវិញ។
នៅលើបណ្តាញសង្គមហ្វេសប៊ុកវិញគេសង្កេតឃើញមានសិល្បករជាច្រើនបានបញ្ចេញសារក្តុកក្តួល រំលឹកពីអនុស្សាវរីយ៍ និងសណ្តានចិត្តដ៏ល្អកម្ររកបានរបស់អ្នកនាងដែលមានចំពោះសិល្បករ ពិសេសសិល្បករដែលមានជីវភាពខ្វះខាត ដែលគេតែងឧស្សាហ៍បានឃើញនាងចេញមុខជីកកកាយរកសិល្បករជើងចាស់ដែលមានជីវភាពលំបាក និងបាននាំយកអំណោយសប្បុរសជនជាបន្តបន្ទាប់ជូនដល់ពួកគាត់។ សិល្បករទាំងអស់មានតែពាក្យថាសោកស្តាយចំពោះការបាត់បង់មិត្តភក្កិ បងប្អូន ដែលគ្មានថ្ងៃជួបដែលបន្សល់ទុកតែអនុស្សាវរីយ៍បំពេញការងាររួមគ្នាមិនអាចបំភ្លេចបាន។ ដំណឹងនៃការទទួលមរណភាពរបស់តារាសម្តែង និងចម្រៀងអ្នកនាងស៊ិន ឧត្តមផល្លា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានបង្កើតឲ្យមានការសោកស្តាយអាឡោះអាល័យយ៉ាងខ្លាំងពីសំណាក់សិល្បកររួមអាជីព និងមហាជន។
កាន់តែធ្វើឲ្យគេសង្វេកក្តុកក្តួលរំជួលចិត្តស្រក់ទឹកភ្នែកនៅពេលដែលឃើញមុខកូនតូចៗអង្គុយយំស្រណោះបាត់បង់ម្តាយដែលធ្លាប់មើលថែថ្នាក់ថ្នមផ្តល់ភាពកក់ក្តៅខណៈដែលឪពុកក៏មានភរិយាក្រោយចេញទៅរស់នៅក្រៅប្រទេសបាត់។ គេបាននឹកឃើញក្តីបំណងប្រាថ្នាមួយដែលអ្នកនាង ស៊ិន ឧត្តមផល្លា បានពោលយ៉ាងកម្សត់នោះគឺការចង់រស់បន្តមើលមុខកូនៗធំពេញរូបពេញរាង និងឲ្យពួកគេមានគ្រួសារមួយយ៉ាងមានសុភមង្គល ប៉ុន្តែក្តីបំណងនេះពោលឡើងមិនទាន់គ្រប់មួយខែផងនាងបានចាកចេញទៅឆ្ងាយពីកូនៗកម្សត់ដោយគ្មានថ្ងៃវិលវិញ។ កុំថាឡើយដល់ទៅមើលកូនមានគូស្រកសូម្បីតែការងារក៏នៅមិនទាន់អាចធ្វើអ្វីបានគឺស្ថិតចំវ័យដែលកំពុងពេញសិក្សានោះ។ ស្ថានភាពនេះក៏បានធ្វើឲ្យគេនឹកគិតដល់ពាក្យចាស់បុរាណ ស៊ូព្រាត់បាកុំឲ្យព្រាត់មេ ប៉ុន្តែពេលនេះគឺពួកគេត្រូវបានឪពុកចាកចេញឆ្ងាយខណៈដែលម្តាយហៅលែងក្រោកគ្មានថ្ងៃវិលវិញ ថាតើជីវិតពួកគេកម្សត់យ៉ាងណា។
គួរបញ្ជាក់ដែរថាអ្នកនាងបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២១នេះ ក្នុងវ័យ៤១ឆ្នាំព្រោះជំងឺមហារីក បន្សល់ទុកនូវកូនប្រុសស្រីចំនួន៣នាក់។បច្ចុប្បន្នសពត្រូវបានតំកល់ធ្វើបុណ្យតាមប្រពៃណីនាគេហដ្ឋានបុរីពិភពថ្មីកំបូល៣ចូលតាមក្លោងទ្វារវត្តស្ងួនពេជ្រ៕
ដោយ ៖ វឌ្ឍនា