ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​ អញ្ជើញពិនិត្យការសាងសង់អគារសិក្សាក្នុងវិទ្យាល័យ​ ហេង សំរិន​ អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ យោងតាមប្រភពពីផេកផ្លូវការ រដ្ឋសភា បានបញ្ជាក់ឱ្យដឹងថា,សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១​ បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារសិក្សាមួយខ្នង២ជាន់ មាន១២បន្ទប់ ក្នុងវិទ្យាល័យ​ ហេង សំរិន​ អន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អគារសិក្សានេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចពញាចក្រី ហេង សំរិន​ និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន ជូនប្រជាពលរដ្ឋនៅក្នុងឃុំកក់ ស្រុកពញាក្រែក តាមតម្រូវការដែលមានកំណើនសិស្សានុសិស្សកើនឡើងជាលំដាប់នៅរៀងរាល់ឆ្នាំ។ អគារសិក្សានេះបានប្រារព្ធពិធីបញ្ចុះបឋមសិក្សាសាងសង់អគារសិក្សាថ្មីនេះ កាលព្រឹកថ្ងៃទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០២១ បច្ចុប្បន្នបានដំណើរសាងសង់តាមគម្រោង ដែលនឹងបញ្ចប់នៅក្នុងរយៈពេល១៥ខែ។

នៅក្នុងឱកាសអញ្ជើញពិនិត្យដំណើរការសាងសង់នេះ សម្តេចបានថ្លែងអំណរគុណនិងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទាំងអស់​ ដែលបានខិតខំផ្តល់ការអប់រំដល់សិស្សានុសិស្ស ទោះស្ថិតនៅក្នុងដំណាក់កាលនៃរាតត្បាតជំងឺកូវីដ-១៩ក្តី តែបានព្យាយាម ស្វែងរកលទ្ធភាពនៅក្នុងការបង្រៀនសិស្សពីចម្ងាយនិងតាមអនឡាញស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់ការអប់រំដល់សិស្សានុសិស្សឲ្យបាននៅគ្រប់កាលៈទេសៈ។ សម្តេចបានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ ត្រូវសហការជាមួយមាតាបិតាសិស្ស ធ្វើយ៉ាងណាជួយគ្នាទៅវិញទៅមក ដើម្បីធានាដល់គុណភាពសិក្សា ជាពិសេសត្រូវផ្តល់ភាពកក់ក្តៅ ស្និទ្ធស្នាលដល់កុមារ និងយុវជន ឲ្យបានច្រើនបំផុត ក្នុងពេលជំងឺកូវីដ-១៩​ កំពុងតែរាតត្បាតនេះ។

សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ សិស្សានុសិស្សនិងយុវជន ដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្ពង់ខ្ពស់ ហើយក្លាយជាយុវជនគំរូ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងចំណេះដឹង និងចរិយាសម្បត្តិ ក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគតទាំងការគ្រប់គ្រងស្ថាប័ន ក៏ដូចជាមេគ្រួសារផងដែរ។សម្តេចបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ ដើម្បីចៀសផុតពីជំងឺដង្កាត់នានា ពិសេសជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ”៣ការពារ​ ៣កុំ”ឲ្យបានខ្ជាប់ខ្ជួនបំផុត៕

ដោយ ៖ សិលា


ចែករំលែក៖