ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តគេចម៉ូតូជ្រុលទៅបុកចូលសណ្ឋាគារមួយកន្លែង បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនបើករថយន្តគេចម៉ូតូជ្រុលទៅបុកចូលសណ្ឋាគារមួយកន្លែង បណ្ដាលឲ្យរងការខូចខាត ដែលហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១និង២៥នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់មិនស្គាល់អត្តសញ្ញាណ បើករថយន្តម៉ាក Audi Q7 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1799 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបត់ស្ដាំចូលផ្លូវបេតុងជាប់និងអតីតសណ្ឋាគារ តាយ ម៉េង ស្រាប់តែមានម៉ូតូ ១គ្រឿងបើកចេញមកក្រៅ ធ្វើឲ្យអ្នកបើករថយន្តបួងចង្កូតគេចជ្រុលទៅបុកសណ្ឋាគារបែកកញ្ចក់ ផើងផ្កា និងរថយន្តរងការខូចខាត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំង ឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តសុខចិត្តជួយចេញថ្លៃខូចខាតទៅខាងសណ្ឋាគារដើម្បីបញ្ចប់រឿង៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖