ក្រុមសេះបង្កង់ Juventus ត្រូវបណ្តេញលោក Andrea Pirlo ជាអ្នកចាត់ការហើយជំនួសគាត់ដោយលោក Massimiliano Allegri ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន the guardian ។
ក្លិបបានធ្វើសកម្មភាពបន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌ Serie A និងបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League នៅវគ្គ១៦ក្រុមចុងក្រោយ។
លោក Allegri ទទួលបន្ទុកលើក្រុម Juventus ពីឆ្នាំ២០១៤-២០១៩ ដោយឈ្នះជើងឯកលីគជាបន្តបន្ទាប់៥ដង ហើយមិនបានចាប់យកការងារនោះទេ។ គាត់ក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ពីរដងជាមួយក្លិប។
បុរសវ័យ៥៣ឆ្នាំរូបនេះបានយល់ព្រមវិលត្រឡប់ដោយផ្ទាល់មាត់ហើយនឹងចុះកិច្ចសន្យានៅថ្ងៃព្រហស្បតិ៍។ លោក Pirlo នឹងចាកចេញបន្ទាប់ពីតែមួយរដូវប៉ុណ្ណោះ។ Juventus ផ្តល់ឱ្យគាត់នូវឱកាសដំបូងគេនៅក្នុងការគ្រប់គ្រងបន្ទាប់ពីបណ្តេញ Maurizio Sarri ។
ទន្ទឹមនឹងនេះដែរក្លិប Inter Milan នឹងតែងតាំងលោក Simone Inzaghiក្នុងកិច្ចសន្យា២ឆ្នាំដើម្បីជំនួសលោក Antonio Conte ដែលបានចាកចេញកាលពីថ្ងៃពុធបន្ទាប់ពីបញ្ចប់ការដឹកនាំរបស់គាត់ ដោយសារការខ្វែងគំនិតគឺផ្ទុយនឹងតម្រូវការរបស់ក្លិបក្នុងការរកប្រាក់បានប្រហែល៨០លានផោនពីការលក់កីឡាករ។
លោក Inzaghi បានធ្វើជាអ្នកចាត់ការក្រុម Lazio តាំងពីឆ្នាំ២០១៦ និងឈ្នះ Coppa Italia ក្នុងឆ្នាំ ២០១៩។ ក្លិប Lazio បានបញ្ចប់នៅចំណាត់ថ្នាក់ទី៦នៅរដូវកាលនេះដែលមាន២៣ពិន្ទុតាមពីក្រោយក្រុមជើងឯក ៕