ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករះរថយន្តពីរគ្រឿងនិងម៉ូតូមួយគ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់បានបើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករះរថយន្តពីរគ្រឿង រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀតដែលចតទុកនៅមុខផ្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលមិនមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តឈ្នួលម៉ាកសុីណាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y-4455 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើង ហើយក៏បន្ថយល្បឿនអែបកៀនដើម្បីដាក់ម៉ូយ ប៉ុន្តែត្រូវបានរថយន្តម៉ាកឡិចសុីសRX300ពណ៌សពាក់ស្លាកលេខភ្នំពេញ2AY-0102បើកបរដោយស្រ្តីម្នាក់ដែលធ្វើដំណើរស្របទិសគ្នាមកពីក្រោយជ្រុលទៅបុករថយន្តសុីណារួចបន្តទៅបុកម៉ូតូស្គូពីមួយគ្រឿងទៀតដែលគេចតទុកនៅមុខផ្ទះ ហើយរុញបន្តទៅបុកផ្ទប់ជាមួយរថយន្តសាំយ៉ុងមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតម៉ូតូរួញចូលគ្នាមួយកំណាត់មុខ​ និងរថយន្តសុីណាធ្លាក់កាងក្រោយនិងបែកកាងខាងមុខយ៉ាងដំណំ​ ចំណែករថយន្តសាំយ៉ុងរងការខូចខាតតិចតួចសុំតែរួចខ្លួនដោយមិនទាមទារសំណងអ្វីនោះទេ។ក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះឡេីយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញខណ្ឌបានមកដល់ហើយឲ្យភាគីទាំងអស់ធ្វើការសម្របសម្រួលគ្នាដោយខាងរថយន្តបង្កឡិចសុីសយល់ព្រមសងថ្លៃការខូចខាតទៅម្ចាស់ម៉ូតូចំនួន350$ និងសងរថយន្តសុីណាចំនួន100$​ បញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖ និន សុភ័ស្ត

 


ចែករំលែក៖