ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបរវ៉ាជែងបុកម៉ូតូបញ្ច្រាសគ្នាស្លាប់បុរសម្នាក់ក្រោមរថយន្តគួរឱ្យសង្វេគ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជនជាតិវៀតណាមម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងបង្កការភ្ញាក់ផ្អើលអ្នកធ្វើដំណើរបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តកុងតឺន័របើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់បុកម៉ូតូបញ្ច្រាសទិសយ៉ាងពេញទំហឹងកាលពីវេលាម៉ោង២និង៤៧ នាទីរសៀលថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតនៅក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាអ្នកស្លាប់មានឈ្មោះបៀង វ៉ាងង៉  អាយុ ៥៨ ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិ៥ ឃុំហ្វឿកជី ស្រុកចាងបាង ខេត្តតាយនិញ ប្រទេសវៀតណាម។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយបង្កហេតុបានរត់គេចខ្លួនបន្សល់តែរថយន្តកុងតឺន័រម៉ាក SCANIA ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ស្វាយរៀង ៣A-៣៥២៦នៅនឹងកន្លែងកើតហេតុ។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាwaves ពណ៌ខ្មៅ ពាក់ស្លាកលេខវៀតណាម៦២-S១០៤០.១៩ នៅលើផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើត ខណ:នោះស្រាប់តែមានរថយន្តកុងតឺន័រម៉ាក SCANIA ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ស្វាយរៀង ៣A-៣៥២៦បើកក្នុងទិសដៅបញ្ច្រាសគ្នាដោយវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក៏បុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះស្លាប់ក្រោមរថយន្តគួរឱ្យសង្វេគបំផុត។

បច្ចុប្បន្នសាកសពសមត្ថកិច្ចបានលើកយកមករក្សាទុកនៅវត្តសុវណ្ណរាមដើម្បីរង់ចាំក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖