ភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុមបានបើកឆាកប្រយុទ្ធកាប់ចាក់គ្នាទាំងយប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍បំបែកហ្វូងក្រុមជនពាលទាំងនោះនៅក្នុងទឹកដីខណ្ឌឫស្សីកែវ។
ហេតុការណ៍ដ៏គួរឱ្យស្អប់ខ្ពើមនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១ រវាងក្រុមជនពាលនឹងក្រុមជនពាលទាំងក្រុមតែម្ដងនៅក្នុងទឹកដីខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរនោះបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្មេងស្ទាវមួយក្រុមស្រែកឡូឡាហើយថែមទាំងនិយាយឌឺដងឡែបខាយសម្តីដាក់គ្នាមានទាំងដាវ ដំបងនិងកាំបិតដេញកាប់ចាក់គ្នាទាំងយប់បណ្ដាលឱ្យមានអ្នករងរបួសឈាមហូរស្រោចខ្លួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅបំបែករត់ចែកផ្លូវគ្នាបាតជើងសព្រាត។
បន្ទាប់មកសមត្ថកិច្ចបានទទួលនូវព័ត៌មានលម្អិតមួយពីប្រជាពលរដ្ឋថា មានអ្នករងរបួសនៅក្នុងហេតុការណ៍កាប់ចាក់គ្នាដ៏កក្រើកមួយនេះ។ ចំពោះជនដែលបានរងរបួសដោយសារភាគីម្ខាងទៀតកាប់ចាក់ត្រូវនោះមានឈ្មោះហេង ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវបានបក្ខពួកបញ្ជូនទៅលាក់ខ្លួនសំងំព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ ហ្វាមីលី ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចខណ្ឌឫស្សីកែវបានសហការគ្នាជាមួយនឹងកម្លាំងនគរបាលខណ្ឌសែនសុខចុះទៅដល់កន្លែងមន្ទីរសម្ភពសម្រាកព្យាបាលហ្វាមីលីនោះតែម្ដងដើម្បីធ្វើការស៊ើបអង្កេតនិងកំណត់មុខសញ្ញាដល់ក្មេងស្ទាវទាំង២ក្រុមនេះដើម្បីចាប់ខ្លួនយកមកធ្វើការសាកសួរនិងផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់៕
ដោយ៖ជ្រោយពេជ្រ