ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូបំពានភ្លើងស្តុបជ្រុលទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបដែលកំពុងបើកឆ្លងកាត់ពេញទំហឹងបណ្ដាលឱ្យរងការខូចខាត សំណាងល្អប៉ះចំម្ចាស់រថយន្តចិត្តធម៌ មិនត្រឹមតែមិនទាមទារ សំណងនោះទេ គឺថែមទាំងឱ្យ លុយខ្លួនឯងចំនួន៥០ដុល្លារឱ្យទៅភាគីខាងម៉ូតូទៀតផង។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង០៩យប់ ថ្ងែទី២៩ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ២៧៩ ត្រង់ចំណុចនឹងស្តុបរតនៈស្រីម៉ៅ ទល់មុខនឹង ធនាគារ ABA ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីសន្តិសុខ ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តម៉ាកម៊ែកសឺដែសពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BK-0303 បើកបរឆ្លងកាត់ភ្លើងស្តុបដោយសារតែសញ្ញាភ្លើងខៀវទើបរូបគាត់បន្តធ្វើដំណើរឆ្លងកាត់ មិនទាន់នឹងផុតផងក៏ស្រាប់តែមានបុរសម្នាក់បើកម៉ូតូម៉ាកហុងដា
ស្គូពី ពណ៌ ស ពាក់ស្លាកលេខ 1FZ-1194 បើកបរក្នុងល្បឿនលឿន ខណៈមកដល់ចំណុចនឹងភ្លើងស្តុបឱ្យសញ្ញាពណ៌ក្រហមហើយបែរជារូបគាត់មិនព្រមឈប់នៅទើបបើកទាំងបំពានក៏បានជ្រុលទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបពេញទំហឹងបណ្ដាលឲ្យរថយន្តនឹងម៉ូតូរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរម៉ូតូបានរងរបួសស្រាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តនិងម៉ូតូមកដាក់ អែបខាងផ្លូវដើម្បីឱ្យភាគីទាំង២សម្របសម្រួលគ្នា ក្រោយមកម្ចាស់រថយន្តស៊េរីទំនើបដែលជាមនុស្សចិត្តធម៌ផងនោះសុខចិត្តយករថយន្តដែលបានរងការខូចខាតទៅជួសជុលដោយខ្លួនឯង ហើយក៏បានយកលុយរបស់ខ្លួនចំនួន៥០ដុល្លារ ទៅឲ្យភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖ជ្រោយពេជ្រ