ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង អំពាវនាវ​ដល់ប្អូនៗ ក្មួយ​ៗ កម្មករ កម្មការិនីរោងចក្រ គួរ​តែ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រ មិនគួរទៅចម្លងរោគដល់ក្រុមគ្រួសារ​ឬឪពុកម្ដាយ​បង​ប្អូនរបស់​ខ្លួននោះទេ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង អំពាវនាវ​ដល់ប្អូនៗ ក្មួយ​ៗ កម្មករ កម្មការិនីរោងចក្រ គួរ​តែ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រ មិនគួរទៅចម្លងរោគដល់ក្រុមគ្រួសារ​ឬឪពុកម្ដាយ​បង​ប្អូនរបស់​ខ្លួននោះទេ។

ការអំពាវនាវនេះបានធ្វើឡើងនាថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២១ ​ក្នុងឱកាសលោក​បណ្ឌិត កែរ រដ្ឋា ចុះពិនិត្យ​ការងារ​យក​សំណាកលើកទី៣ ដល់​​កម្មករ កម្មការិនី​រោងចក្រ​យូលី១ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង ក្រុង​បាវិត  ។​

លោកបណ្ឌិត កែរ រដ្ឋា បានឱ្យដឹងថាចាប់​តាំង​ពីថ្ងៃទី​២១ រហូតដល់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ​យក​សំណាកបាន​យក​សំណាក​កម្មករ កម្មការិនី ចំនួន ២.៥១១នាក់ និង​បាន​រកឃើញ​ករណី​វិជ្ជមាន​ចំនួន ៣៤៨នាក់​។ រោង​ចក្រ​ចំនួន​ ៧ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង  ដែល​បាន​យកសំណាក មាន​រោងចក្រ យូលី១ រោងចក្រ ប៊្យូលធីហ្វូលវីនដូ និង​រោងចក្រ អូខ្លូត តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាធិន មាន​រោងចក្រ សាន់ ហ្វេង រោង​ចក្រ ម៉ូរ៉ូហ្វូជី និងរោងចក្រ យូធីឡាយ ហើយ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង មាន​រោងចក្រ អេ អេនជេ ។

ចំពោះប្រភព​ចម្លង​មាន​ការ​ពិបាក​សន្និដ្ឋាន ដោយសារករណីខ្លះ ប្តីប្រពន្ធ​ធ្វើ​ការ​រោងចក្រ​ផ្សេង​គ្នា បើមាន​វិជ្ជមាន នឹង​ចម្លង​គ្នា ហើយ​ចម្លង​ទៅរោងចក្រផ្សេងទៀត ប៉ុន្តែ​មានរោង​ចក្រ​ខ្លះ ថៅកែ​រោងចក្រ​អនុវត្តតាម SOP ត្រឹម​ត្រូវ ឃើញ​ថា​ពុំមាន​ការចម្លង​ទេ ។

លោកបណ្ឌិត កែរ រដ្ឋា   ប្រសិន​បើ​បងប្អូនកម្មករធ្វើចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រ​ វា​ពិបាកតែម្នាក់​ឯង ប៉ុន្តែ​បើ​សិន​ជា​ត្រឡប់ទៅ​ផ្ទះ នឹង​អាច​ចម្លងរោគដល់​ច្រើន​គ្នា និង​អាច​មន្ត្រី​ជំនាញ​យក​អ្នក​ពាក់ព័ន្ធ​ជា​ច្រើននាក់ទៅធ្វើ​ចត្តាឡីស័ក​ ។

លោកបណ្ឌិត បាន​កោត​សរសើរ​ដល់ប្អូនៗ ក្មួយ​ៗ កម្មករ កម្មការិនី មួយ​ចំនួន​ដែល​ស្នើសុំ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​រោងចក្រ ដោយសារ​ពួកគាត់​យល់​ដឹងច្រើន មិនចង់​ចម្លងរោគដល់​ក្រុម​គ្រួសារ​របស់​ពួកគាត់ ហើយ​ពួកគាត់​បាន​បញ្ជាក់​ថា នៅ​ក្នុង​រោងចក្រ ត្រូវ​បាន​ថៅកែ​រោងចក្រ​គិតគូរ​តាំង​ពី​ការហូបចុក និង​កន្លែង​ស្នាក់​នៅ និង​មិន​មាន​ការ​កាត់​ប្រាក់​ខែ​ទៀតផង ។​

លោកក៏បានពាំនាំ​នូវ​ពាក្យ​ផ្តាំ​ផ្ញើ​ពីសំណាក់​លោកស្រី​កិត្តិសង្កហបណ្ឌិត ម៉ែន សំអន តំណាង​រាស្ត្រមណ្ឌលស្វាយរៀង និង​ជាប្រធានក្រុម​ការ​ងារថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ស្វាយរៀង និងលោក​ ម៉ែន វិបុល អភិបាលខេត្ត និង​ជាប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ-១៩​ខេត្ត សូម​កម្មករ កម្មការិនី រោងចក្រ គោរព​ឱ្យ​បាន​នូវ​វិធានការ​ចត្តាឡីស័ក​ដែល​ក្រ​សួង​សុខាភិបាលដាក់ចេញ ជា​ពិសេសវិធានការ ៣កុំ ៣ការពារ របស់​សម្តេច​តេជោ ហ៊ុន សែន ។

លោកបណ្ឌិត បានបន្ថែមថា រហូតដល់​ថ្ងែៃនេះ មាន​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន​សរុប ៨២០នាក់  ស្រី ៤៧៧នាក់ (ជនជាតិខ្មែរ: ៧៨២នាក់,ជនជាតិបរទេស: ៣៨នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប:  ៣៧៨នាក់ ស្រី ១៥៤នាក់ អ្នកជំងឺស្លាប់០៥នាក់ ជា​ជនជាតិ​ខ្មែរ ។​

ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យសុខភាព​ចំនួន៤,៣៦៥នាក់ ស្រី ១,២៧៧នាក់​សរុបអ្នកបានធ្វើចត្តាឡីស័ក មានចំនួន៤,៣៨៨នាក់ ក្នុង​នោះ អ្នក​បញ្ចប់ការធ្វើចត្តាឡីស័កសរុប៤,៣១៨នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក មានចំនួន៧០នាក់ផងដែរ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖