ខេត្តរតនគិរី៖ អាជ្ញាធរខេត្តរតនគិរី បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២នាក់ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ខេត្តរតនគិរី មានអ្នកឆ្លងសរុប ១៣នាក់ និងពុំទាន់មានការចម្លងដល់ពលរដ្ឋនៅក្នុងសហគមន៍ឡើយ។
រដ្ឋបាលខេត្តរតនគិរី – សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តរតនគិរី ឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី តាម រយៈលទ្ធផលវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧបករណ៍តេស្តរហ័សបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន០២នាក់ ដែល មានឈ្មោះ រឿង វីម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍ស្នាក់នៅផ្ទះជួលជាមួយគ្រួសារស្ថិតនៅគីឡូ លេខ ១០ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ អ្នកបើកបររថយន្តក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច ស្ថិតនៅគីឡូលេខ៦ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងឈ្មោះ វុធ វិច្ឆិកា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍ភូមិ ឧត្តម ឃុំ ព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង មុខរបរ សិស្ស បញ្ចប់មធ្យមសិក្សាទុតិយភូមិ។
សូមបញ្ជាក់អំពីសាវតារបស់បុគ្គល ៖ បុរសរឿង រឹម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បានចេញដំណើរតែ ម្នាក់ឯង ពីក្រុមហ៊ុនប្រេងឥន្ធនៈសាវីម៉ិច នៅវេលាម៉ោង ៥០០នាទី ព្រឹក ថ្ងៃទី២៩/ ៥/២០២១ ដើម្បីដឹកប្រេងឥន្ធនះមកផ្គត់ ផ្គង់នៅស្ថានីយ៍ប្រេងឥន្ធនៈក្នុងខេត្តរតនគិរី ពេលធ្វើដំណើររហូតមកដល់ផ្សារផ្អាវ ខេត្តកំពង់ចាម បានឈប់រថយន្តសម្រាក ទទួលទានអាហារពេលព្រឹកនៅវេលាម៉ោង ៧,០០នាទី រួចហើយបន្តដំណើរមកឈប់សម្រាកទទួលទានអាហារថ្ងៃត្រង់ក្នុង អាហារដ្ឋាន លីលី ស្ថិតនៅខ្លាស្ទុះ ស្រុកចិត្របុរី ខេត្ត ក្រចេះ រួចក៏បន្តដំណើរមកដល់ព្រំប្រទល់ខេត្តរតនគិរី -ខេត្តស្ទឹងត្រែង នៅចំណុចស្ពានស្រែពក ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី នៅវេលាម៉ោង៣,០០នាទីរសៀល ត្រូវបានក្រុមគ្រូពេទ្យ ប្រចាំការនៅទីនោះយកវត្ថុសំណាកដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស រកឃើញវិជ្ជមានកូវីដ-១៩ លើបុរសឈ្មោះ ៖ រឿង រីម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ។ រីឯបុរសឈ្មោះ វុធ វិច្ឆិកា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បានចេញពីស្រុក កំណើតទៅលេងផ្ទះបងប្រុសស្ថិតនៅភូមិ អូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤/៥/ ២០២១កន្លងមក លុះមកដល់ថ្ងៃទី ២៩/៥/២០២១ បុរសរូបនេះ បានរួមដំណើរជាមួយក្រុមគ្រួសាររបស់បងដែលមាន សមាជិក ៥នាក់ទៀត ចេញពីភូមិ អូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ៧,០០នាទី ព្រឹក ក្នុងគោលបំណងមកខេត្តរតនគិរី ដើម្បីធ្វើចំការស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកូនមុំ ការធ្វើដំណើររបស់ក្រុមគ្រួសារនេះ បានធ្វើដំណើររហូតជិតមកដល់អូរគ្រៀង បានឈប់សម្រាកនៅទីវាលក្រោមម្លប់ឈើ ដើម្បីទទួលទានអាហារថ្ងៃត្រង់ ដែល បានត្រៀមរៀបចំបាយម្ហូបជាស្រេចយកមកពីផ្ទះ លុះទទួលទានរួចហើយក៏បន្ដដំណើរមកដល់ព្រំប្រទល់ខេត្តរតនគិរីខេត្ត ស្ទឹងត្រែងនៅចំណុចស្ពានស្រែពក ឃុំស្រែអង្រឹង ស្រុកកូនមុំ ខេត្តរតនគិរី នៅវេលាម៉ោង៥,០០នាទីរសៀលនាថ្ងៃនា ដដែលត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ យកវត្ថុសំណាកដោយប្រើប្រាស់ឧបករណ៏តស្ករហ័ស គេឃើញវិជ្ជមាន កូវីដ-១៩ លើបុរសឈ្មោះ វុធ វិច្ឆិកា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ដោយឡែកសមាជិកផ្សេងទៀត គឺអវិជ្ជមាន ។
បច្ចុប្បន្ន អ្នកវិជ្ជមាន និងអ្នកអវិជ្ជមានទាំងអស់ត្រូវបានយកទៅព្យាបាល និងដាក់ចត្តាឡីស័កនៅវិទ្យាល័យ ត្រពាំងក្រហម ស្ថិតនៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូនសាធារណជន ដែលមានការប៉ះពាល់ដោយផ្ទាល់ ឬ
ប្រយោលជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ សូមតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ក្នុងករណីសង្ស័យ សូមរួសរាន់ទៅ ជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីអនុវត្តតាមវិធានសុខាភិបាល។ រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្ត ឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ ៣ការពារ ៣កុំ និង ចូលរួម – ព្រមទាំងវិធានការសុខាភិបាលចាំបាច់នានាឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងក្រុមគ្រួសារ និងសហគមន៍៕
ដោយ ៖ សិលា