ភ្នំពេញ៖ ទស្សនិកជនមួយចំនួនធ្លាប់បានស្គាល់រួចមកហើយអំពីពិធីការិនីស្រស់សោភា របស់ទូរទស្សន៍My Tv គឺកញ្ញា អ៊ុក រិទ្ធីនាថ ។ នាងក៏ជាអ្នកបង្កើតវីដេអូផ្ទាល់ខ្លួនបង្ហោះលើបណ្តាញសង្គមផងដែរ ដែលតាមការពិតនាងគឺជាកូនស្រីបង្កើតរបស់តារាកំប្លែង លោក អ៊ុក សុវណ្ណារិទ្ធិ ហៅ នាយចាបចៀននោះតែម្តង។
ជេន គឺជាកូនស្រីច្បងវ័យ២០ឆ្នាំ ខណៈដែលប្អូនប្រុសបន្ទាប់មានវ័យ១៧ និងប្អូនស្រីពៅមានវ័យ៨ឆ្នាំហើយដែរ។ ទោះជាយ៉ាងណាកន្លងទៅនាយចាបចៀន មិនបានបង្ហើបអំពីដំណឹងនៃការចូលប្រឡូកក្នុងអាជីពសិល្បៈរបស់កូនស្រីលោកឡើយទើបតែពេលនេះស្រាប់តែមានការបញ្ជាក់ថា ពិធីការិនីវ័យក្មេងរូបនេះគឺជាកូនស្រីបង្កើតរបស់នាងចាបចៀនទៅវិញ។ សម្រាប់អ្នកដែលបានដឹងមានការកោតសរសើរពីការចិញ្ចឹមបីបាច់កូនស្រីបានយ៉ាងល្អ ដែលមិនត្រឹមតែមានរូបសម្រស់ស្រស់សោភាទេ គឺថែមទាំងជាពិធីការិនីដែលមានអត្តចរិករួសរាយរាក់ទាក់ មានសីលធម៌ ទេពកោសល្យមិនចាញ់ឪពុកនោះទេ។
អ្នកសិល្បៈជិតដិតតារាកំប្លែង នាយចាបចៀនបានលើកឡើងថា ក្រៅពីការងារសិល្បៈនាយចាបចៀនមានការងារជាមន្ត្រីយោធា ហើយលោកនិងភរិយាចិញ្ចឹមបីបាច់កូនបានយ៉ាងល្អ ហើយលោកកម្រក្នុងការបង្អួត និងយកមុខទៅជួយជ្រោមជ្រែងកូននោះដែរគឺពួកគេមានសមត្ថភាព ទេពកោសល្យពីធម្មជាតិ និងឆ្លងកាត់ការបង្ហាត់បង្ហាញបន្ថែមកាន់តែទទួលបានការគាំទ្រពីទស្សនិកជន៕
ដោយ ៖ វឌ្ឍនា