ព័ត៌មានទាន់ហេតុការណ៍៖

ពៅ ពិសិដ្ឋ ពេញចិត្តនឹងជំនួប ចិន ចិន ក្នុងរឿង”អ្នកម៉ាក់គ្មានកូន”

ចែករំលែក៖

ភ្នំពេញ៖ តួឯកប្រុស លោក ពៅ ពិសិដ្ឋ និងកញ្ញា ចិន ចិន  គឺជាតួអង្គសំខាន់ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែររបស់រឿងភាគទូរទស្សន៍ រឿង”អ្នកម៉ាក់គ្មានកូន” របស់ទូរទស្សន៍ហង្សមាស។ ភាពយន្តនេះ បាននិងកំពុងតែទទួលបានការគាំទ្រច្រើនពីទស្សនិកជន និងកោតសរសើរថាជាភាពយន្តដែលមានភាពទាក់ទាញខ្លាំងទាំងអត្ថន័យខ្លឹមសារ និងការអប់រំស៊ីជម្រៅនោះ។ 

  លោក ពៅ ពិសិដ្ឋ បានបញ្ជាក់ថា លោកពិតជាពេញចិត្តសម្រាប់ភាពយន្តភាគរបស់ផលិតកម្ម ហង្សមាសដែលលោកសម្តែងមួយនេះ ព្រោះតែបង្កប់ទៅដោយអត្ថន័យអប់រំ សាច់រឿងថ្មីប្លែក និងសម្តែងដោយតារាប្រុសស្រីជាច្រើន។ លោកថា ភាពយន្តនេះលោកទើបនឹងដល់វគ្គដែលត្រូវចេញគឺសម្តែងរួមគ្នាច្រើនជាមួយតួស្រី ដែលជាកូនស្រីរបស់ដួងម៉ានិច។ ពិធីករស្រស់សង្ហារូបនេះលើកឡើងដែរថា នេះមិនមែនជាលើកដំបូងទេដែលលោកសម្តែងរួមគ្នាជាមួយកញ្ញា ចិនចិន  គឺកន្លងមកលោកធ្លាប់សម្តែងក្នុងភាពយន្តភាគរបស់ទូរទស្សន៍ហង្សមាសដែរគឺរឿងពស់កេងកងដែលដឹកនាំសម្តែងដោយលោក ហ្វៃសម្អាង។

លោកសរសើរអំពីអត្តចរិកបុគ្គលិកលក្ខណៈទាំងខាងក្នុងនិងក្រៅសាច់រឿងរបស់តារាស្រីវ័យក្មេងរូបនេះ ដែលខាងក្រៅនាងគឺជាតារាស្រីគោរពពេលវេលា មានសីលធម៌ មានសមត្ថភាពទេពកោសលខ្ពស់ក្នុងការសម្តែង  ខណៈដែលនៅក្នុងរឿងនាងគឺជាកូនកតញ្ញូដែលព្យាយាមជួប និងជួយម្តាយដែលមានប្តីច្រើន ហើយលោកក៏តាមជួយតួឯកស្រីនេះពីក្រោយរហូតផងដែរ។ លោកថាពិតជារីករាយដែលទទួលបានការគាំទ្រច្រើនទពីទស្សនិកជនចំពោះរឿងនេះ   និងស្របទៅតាមការសម្រិតសម្រាំងពីគ្រប់ផ្នែកនៃការផលិតឲ្យចេញជាស្នាដៃមានគុណភាពនេះផងដែរ។

លោករំពឹងដែរថា តាមរយៈស្នាដៃថ្មីបង្កប់ដោយអត្ថន័យអប់រំនេះនឹងធ្វើឲ្យទស្សនិកជនពេញចិត្ត និងបន្តគាំទ្រស្នាដៃផលិតភាពយន្តរបស់ខ្មែរទាំងអស់បន្ថែមទៀត។ លោកថានៅមានភាពយន្តថ្មីមួយចំនួនទៀតដែលលោកនិងបង្ហាញមុខក្នុងការសម្តែងរួមគ្នាជាមួយតារាស្រីស្រស់សោភា ដែលលោករំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំងរួមទាំងភាពយន្តរឿង”ស្នាមស្នេហ៍សមុទ្ររាម” របស់ទូរទស្សន៍PNNជាដើម៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖