ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: គឺមិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះយើងនៅតែបន្តរកឃើញតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃនៅតែច្រើន ហើយក្នុងចំនួននេះ យើងក៏មិនបានដឹងថា ប្រជាពលរដ្ឋណាខ្លះ បានធ្វើដំណើរចល័តទៅទីកន្លែងណាខ្លះទៀត ។
លោកស្រី បញ្ជាក់ទៀតថា បច្ចុប្បន្នមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់បណ្តាខេត្តរួចទៅហើយ ចំពោះតួលេខវាជារឿងមួយ សំខាន់បងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា យើងមានការព្រួយបារម្ភចំពោះការរាតត្បាតជំងឺកូវីដ-១៩ ដល់សហគមន៍ធំធេង ហើយការគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍នេះ បានឬមិនបាន សំខាន់បំផុតវាអាស្រ័យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ពីព្រោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូរណាស់ចំពោះរឿងនេះ ដោយដាក់បទបញ្ជា ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាប្រតិបត្តិករ ចុះអនុវត្ត ទាំងយប់ ទាំងថ្ងៃ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យមានការរាតត្បាតដល់សហគមន៍ធំធេង។
លោកស្រី ឱ វណ្ណឌីន ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា បើសិនបុគ្គលគ្រប់រូប មិនបានអនុវត្តវិធានការសុខាភិបាលពេញលេញទេនោះ ការចម្លងជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅតែមាន៕
ដោយ៖ សូរិយា