ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលថៃ៖​ អ្នកជំងឺកូវីដ​-១៩​ ចំនួន​១៩​ នាក់ទៀត​ស្លាប់​ ខណៈ​រកឃើញអ្នកឆ្លងថ្មី រហូតដល់ជាង ៥ពាន់នាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៃប្រទេសថៃ (CCSA) បានរាយការណ៍នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១នេះ​ ស្តីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗ​ គិតត្រឹម​រយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន​ ៥,៤៨៥ករណីបន្ថែមទៀត។

ជាក់ស្ដែង​សារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​រាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៃប្រទេសថៃ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ​ មានអ្នកឆ្លងចំនួន ៣,៥៣២ករណី ក្នុងចំណោមប្រជាជនទូទៅ និងចំនួន ១,៩៥៣ករណីទៀតជាករណីឆ្លង នៅតាមពន្ធនាគារ។

របាយការណ៍ដដែល​ បន្ដទៀតថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នាដែរ។

បច្ចុប្បន្ន​ រហូតមកទល់ពេលនេះ​ បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០កន្លងទៅ​ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៥៩,៧៩២ករណី ក្នុងនោះមានអ្នកស្លាប់ ១,០៣១នាក់ និងអ្នកជាសះស្បើយ ១០៨,៣៤៥នាក់។

គួរបញ្ជាក់ថា​ ប្រទេសថៃ​ ដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រាប់​យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 នេះ គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ​​ សម្រេចបានចំនួន ៣.៥៥លានដូសហើយ ក្នុងនោះប្រជាជន ២.៤៥លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.៥% នៃចំនួនប្រជាជនសរុប) និង ១.០៩លាននាក់ បានចាក់គ្រប់ដូស (១.៦% នៃចំនួនប្រជាជនសរុប)៕ដោយ​៖ស​ តារា​


ចែករំលែក៖