ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត«៣ការពារ និង៣កុំ ខណ:អ្នកឆ្លងកូវីដ-១៩ក្នុងខេត្តកើនដល់ជិត ១ពាន់នាក់

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោក អ៊ុន ចានដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅក្នុងពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាង១.៥០០គ្រួសារ ធ្វើឡើងនៅវត្តចុងកោះជ្រូក ស្ថិតតនៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោកអភិបាលខេត្តបានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តអនុវត្តនូវវិធានការ«៣ការពារ និង៣កុំ»ឱ្យបានខ្ជាប់ខ្ជួន ដោយសារតែចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានកើនឡើងដល់ជាង ៨០០ នាក់ គិតត្រឹមព្រឹកថ្ងៃទី ៣១ ឧសភា។

លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា ចំនួនជនរងគ្រោះជំងឺកូវីដ- ១៩ ខាងលើនេះ គឺភាគច្រើនជាកម្មការិនីធ្វើការងារនៅតាមរោងចក្រ ដែលមួយរយ:នៃការឆ្លងរីករាលដាលជំងឺនេះ គឺយើងបានសម្រេចផ្អាកផ្នែកខ្លះរបស់រោងចក្រ បន្ទាប់ពីស្រាវជ្រាវរកឃើញប្រភព នៃការឆ្លង និងបានបញ្ជួនអ្នកជំងឺទៅព្យាបាល និងយកអ្នកប៉ះពាល់ផ្ទាល់ធ្វើចត្តាឡីស័ក។

លោកអភិបាលខេត្តបន្ថែមថា ជាក់ស្តែងរោងចក្រកាត់ដេរមេតថេក ក្នុងស្រុកកំពង់សៀម ជំងឺកូវីដ-១៩ បានចូលដល់ក្នុងរោងចក្រលើកដំបូងតាមរយ:ស្រ្តីជាកម្មការិនីម្នាក់។ ដោយស្រ្តីរូបនោះបានជួបជាមួយមិត្តភក្តិម្នាក់ និងបានជិះរថយន្តជាមួយគ្នា ដោយទំនាក់ទំនងស្និទ្ធស្នាលបន្តិច គឺមិនបានការពារខ្លួនអនុវត្តវិធានការ«៣ការពារ និង៣កុំ» ហើយស្រ្តីម្នាក់នោះបានមកធ្វើការនៅរោងចក្រធម្មតា ពុំបានពិនិត្យសុខភាពបានត្រឹមត្រូវ បណ្តាលឱ្យជំងឺកូវីដ-១៩ចូលដល់កន្លែងធ្វើការ។

លោកអភិបាលខេត្តបន្តថា យើងបានបើកយុទ្ធនាការយកសំណាកលើកម្មករ កម្មការិនីជាង៤.០០០នាក់ មកធ្វើតេស្ត គឺបានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ប្រមាណ ១០ នាក់បានយកទៅព្យាបាល និងបានយកអ្នកប៉ះពាល់ផ្ទាល់ជាង ៥០០ នាក់ធ្វើចត្តាឡីស័ក និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ហើយបានផ្អាកផលិតកម្ម រោងចក្រនោះមួយអគារ។ ឥឡូវជាលទ្ធផលយើងគ្រប់គ្រងរោងចក្រមេតថេត ស្រុកកំពង់សៀមបានហើយ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលដល់ក្នុងគ្រួសាររបស់យើង គឺចាំបាចអនុវត្តវិធានការ«បីការពារ និងបីកុំ»ទាំងអស់គ្នា៕

ដោយ៖ សូរិយា


ចែករំលែក៖