ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិនតៃវ៉ាន់ និងស្ត្រីជនជាតិវៀតណាមម្នាក់ សរុបចំនួន ៨នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោយជាប់ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ និងរក្សាទុកដឹកជញ្ជូនជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់នោះ ត្រូវកម្លាំងជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័ន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបចំនួន២ គោលដៅ ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៧នាក់ ជាជនជាតិចិន តៃវ៉ាន់ និងវៀតណាម រួមនឹងគ្រឿងញៀនមួយចំនួនធំ។
របាយការណ៍ដដែល បន្តថា គោលដៅទី១ បានធ្វេីឡេីងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ និងក្នុងបុរីបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ជាជនជាតិចិនតៃវ៉ាន់ និងចាប់យកវត្ថុតាងសារធាតុញៀនប្រភេទ(កេតាមីន) ទម្ងន់ប្រមាណ ១ គីឡូក្រាម ។
ដោយឡែកគោលដៅទី២ នៅថ្ងៃដដែល សមត្ថកិច្ចជំនាញ បានឆ្មក់ចូលបង្ក្រាប នៅចំណុចគោលដៅរីហ្សតយីហោ”សមាធិឡេក” ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះ៖ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ រួមមានស្រ្តីជនជាតិវៀតណាមម្នាក់ ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនមួយចំនួន។ ក្នុងប្រតិបត្តិការនេះដែរ ដោយសារក្រុមជនសង្ស័យ បានដឹងខ្លួនមុន នឹងបានចាក់គ្រឿងញៀនចូលក្នុងទឹកបឹងចោល ដើម្បីបំបាត់ដានផងដែរ។
ក្រោយប្រតិបត្តិការរួច កម្លាំងសមតត្ថកិច្ចក៏បានធ្វើការដកហូតនូវអាវុធខ្លីប្រមាណចំនួន៦ដើម; រថយន្ត១គ្រឿង ;ជញ្ជីងថ្លឹង១ បង់ កាំភ្លើង អាកា; កាំភ្លើងអាកា ៤៧ ;កាលីបឌូ មួយដើម; កាំភ្លើងខ្លី៤ដើម; គ្រាប់អាកាជាង២០០គ្រាប់ និងគ្រាប់កាំភ្លើងខ្លីមួយចំនួន ធំទៀត។
បច្ចុប្បន្ន ជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ និងវៀតណាម ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារ ដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សហការី