ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានចាប់ឃាត់ខ្លួនបញ្ជូនលោកស្រី ឈឹម វត្តី ម្ចាស់ហាងសម្អាងការលុច្ស និងជាហាងកែសម្ផស្សល្បីមួយនៅរាជធានីភ្នំពេញ រួមជាមួយនឹងកូនស្រី ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីឆបោក.ទិញលក់ដីខ្យល់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ឈឹម វត្តី ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខអា៤០១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរជាក្រុមប្រឹក្សាខណ្ឌដូនពេញ និងអតីតថៅកែរោងភាពយន្តលុច និងកូនស្រីឈ្មោះ ពុំ សុភារម្យ ភេទស្រី អាយុ៣១ឆ្នាំ អាសយដ្ឋានស្នាក់នៅជាមួយម្តាយ មុខរបរលក់ដូរ ។
របាយការណ៍ដដែល បន្តថា ចំពោះការឃាត់ខ្លួនអតីតថៅកែរោងកុនលុច និងកូនស្រី គឺជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ.ឆបោក ប្រាប់រាប់សែនដុល្លារតាមរូបភាពលក់ដីខ្យល់ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៨ ។
ប្រភពដដែល បន្ថែមទៀតថា លោកស្រី ឈឹម វត្តី និងកូនស្រី ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខផ្សារសម្បូរ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈអ្នកស្រី និងកូនកំពុងជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ២A. ៥៧២៩ ។
សូមជម្រាបថា សំណុំរឿងលោកស្រី ឈឹម វត្តី និងកូនស្រី ត្រូវបានចាត់ទៅលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និងបើកសវនាការផ្ទាល់នៅវេលាម៉ោង២ កន្លះរសៀល ។ សម្រាប់ករណី «បទ.ឆបោក» យោងតាមបញ្ញាត មាត្រា ៣៧៣ ៣៧៨ នៃក្រមព្រហ្មទណ្ឌ ជនជាប់ចោទ និងតម្រូវឲ្យជាប់ពន្ធនាគារពី៦ ខែ ទៅ៣ឆ្នាំ នឹងពិន័យជាប្រាក់ពី១លាន ទៅ៦លានរៀល នេះមិនទាន់គិតពីសំណងជនរងគ្រោះនោះទេ។
ក្រោយការជម្រះនារសៀលថ្ងៃដដែលនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យលោកស្រី ឈឹម វត្តី ម្ចាស់ហាងសម្អាងការលុច្ស និងហាងកែសម្ផស្សមួយនៅរាជធានីភ្នំពេញ ឱ្យស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ដោយយោងទៅលើស្ថានភាពសុខភាពអ្នកស្រីមានការទ្រុឌទ្រោមខ្លាំង ខណៈកូនស្រីត្រូវបានបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារបណ្តោះអាសន្នពីបទ.ឆបោក ទិញលក់ដីខ្យល់៕ដោយ៖សហការី
រូបថត៖ឯកសារ លោកស្រី ឈឹម វត្តី និងរូបភាពខាងលើសមត្ថកិច្ចបញ្ជូនខ្លួនលោកស្រី និងកូនស្រី ទៅតុលាការ