ខេត្តស្វាយរៀង៖ លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាតព្រៃឆ្លាក់ ក្រុងស្វាយរៀងនិងក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនដល់រដ្ឋបាលសង្កាត់ព្រៃឆ្លាក់ ដើម្បីចាត់ចែងដោះស្រាយជូនគ្រួសារប្រជាពលរដ្ឋដែលមានការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍។
ការប្រគល់គ្រឿងឧបភោគបរិភោគនេះធ្វើឡើងនៅព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ដោយមានការចូលរួមពីសំណាក់លោកហ៊ុន សាវ៉ាន់ ចៅសង្កាត់ព្រៃឆ្លាក់និងលោកលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ជាច្រើនរូបផងដែរ។
លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាតព្រៃឆ្លាក់ ក្រុងស្វាយរៀង បានស្នើដល់អាជ្ញាធរសង្កាត់ និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំចំពោះបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ក្នុងសង្កាត់ព្រៃឆ្លាក់នាពេលនេះ ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ ឱ្យជាប់ជានិច្ចតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងតាមវិធានក្រសួងសុខាភិបាលផងដែរ។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលយកមកប្រគល់ជូនរដ្ឋបាលព្រៃឆ្លាក់នាពេលនេះរួមមានអង្ករ ៥បាវ (២៥០គីឡូក្រាម) ទឹកត្រី៥យួរ ទឹកសុីអុីវ៥យួរ ជូនរដ្ឋបាលសង្កាត់សរុបថវិកាចំនួន៩៨៧.៥០០រៀលនិងបានឧបត្ថម្ភប្រេងសាំងចំនួន៥៥លីត្រជូនក្រុមប្រឹក្សាសង្កាត់ដើម្បីចុះធ្វើសកម្មភាពនៅតាមមូលដ្ឋានរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕
ដោយ៖ យឺម សុថាន