ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០១ នៅខេត្តស្វាយរៀង ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែនឹករលឹកដល់កុមារកំព្រា ដែលបាននិងកំពុងស្នាក់នៅគ្រប់មណ្ឌលថែទាំកុមារកំព្រានៅខេត្ដស្វាយរៀងនេះ និងក៏ដូចនៅទូទាំងប្រទេសផងដែរ ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានធ្វើការផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សាអនាម័យក្នុងការរស់នៅ ដូចជា រស់នៅស្អាត ហូបស្អាត ត្រូវចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវប្រឹងប្រែងខិតខំរៀនសូត្រ ។ ចំណែកលោកគ្រូ អ្នកគ្រូវិញត្រូវបន្ថែមការយកចិត្តទុកដាក់ក្នុងការថែទាំ និង ធ្វើការអប់រំកុមារដែលបានរស់នៅក្នុងមណ្ឌលស្វាយរៀងនេះឱ្យដូចជាកូនបង្កើតរបស់ខ្លួនផងដែរ។ ជាពិសេស អ្នកគ្រូ និងសិស្សទាំងអស់គ្នាត្រូវគោរពតាមវិធានរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រដ្ឋាភិបាល គឺ ៣ការពារ និង ៣កុំ ដើម្បីជៀសផុតពីការឆ្លងនូវជំងឺកូវីដ-១៩ ខណៈដែលពិភពលោក និងប្រទេសកម្ពុជាក៏បាននិងកំពុងប្រឈមយ៉ាងខ្លាំង ។
លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា ១លានរៀល និងឧបត្ថម្ភដល់កុមារកំព្រាចំនួន ៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងអំណោយ១កញ្ចប់។ ចំណែកឯអ្នកគ្រូថែទាំសិស្ស ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១២ម៉ឺនរៀល ក្នុងនោះផងផងដែរលោកស្រីឧបនាយករដ្ឋមន្ត្ត្រីក៏បានប្រគល់ជូនមណ្ឌលកុមារកំព្រាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ រួមមាន៖ អង្ករ ១៥០ គីឡូក្រាម មីម៉ាម៉ា ២កេសធំ ត្រីខ ២០០កំប៉ុង ទឹកស៊ីអ៉ីវ ៧២ដប ទឹកត្រី ៣០ដប ទឹកដោះគោ៤១កេសតូច ម៉ាស់ ១៥.០០០ម៉ាស់ និងចេកមួយកេស ។ ជាចុងក្រោយក៏មានការរៀបចំជាអាហារថ្ងៃត្រង់ឲ្យសិស្សទាំង៣៩នាក់ និងគណៈគ្រប់គ្រងរបស់មណ្ឌលហូបរួមគ្នាផងដែរ ៕
ដោយ ៖ សំរិត