ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ២គ្រឿងនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់ស្លាប់និងមនុស្សប្រុសស្រីពីរនាក់ទៀតរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងត្រូវរថយន្តបើកបញ្ច្រាសទិសគ្នាបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទៅចោមរោមមើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៩នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រ ១៣០និង១៣១ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។

  សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ប្រាក់ វណ្ណណេត  អាយុ ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតាជោរ សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J-៨២៤៨បានរងការខូចខាតយ៉ាងដំណំ។

  ចំណែកភាគីម៉ូតូម្ខាងទៀតដែលរងរបួសមានឈ្មោះ ពេជ្រ ពន្លឺ  អាយុ ២៨ ឆ្នាំ មុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរម្នាក់ឈ្មោះ ងួន កល្យាណ ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃសម្ភ័រ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១O-៣២២៧។

  ចំណែកអ្នកបើករថយន្តមានឈ្មោះ សុខ វីវ៉ា អាយុ ២៤ឆ្នាំ មុខរបរបើកបរ រស់នៅភូមិប្រសូត្រ១ ឃុំ កណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ក្រោយកើតហេតុបានរត់គេចខ្លួនបន្សល់តែរថយន្ដម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង ៣A-២០១៦ សឺមីរុឺម៉កគ្មានស្លាកលេខនៅនិឹងកន្លែងកើតហេតុ។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានមនុស្សប្រុសស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១O- ៣២២៧ លើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានរថយន្ដម៉ាក ហុីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់ស្លាកលេខ ស្វាយរៀង ៣A-២០១៦ សឺមីរុឺម៉កគ្មានស្លាកលេខបើកក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសទិសគ្នាជាន់ហ្វ្រ័ងមិនទាន់ក៏បុកម៉ូតូពេញទំហឹង ខណ:នោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J-៨២៤៨ក្នុងទិសដៅពីលិចទៅកើតដែរ ក៏បុកគ្នាយ៉ាងពេញទំហឹងបន្តទៀតបង្កការភ្ញាក់ផ្អើលតែម្ដង។

  ក្រោយកើតហេតុសមត្ថកិច្ចបានមកធ្វើអន្តរាគមន៍ជួយសង្គ្រោះដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ប៉ុន្តែដោយឈ្មោះប្រាក់ វណ្ណណេតរបួសធ្ងន់ពេកក៏ដាច់ខ្យល់ស្លាប់គួរឱ្យអាសូរ។

  ចំពោះមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងសមត្ថកិច្ចបានវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់។

  ចំណែកអ្នករបួស២នាក់ទៀតត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ខណ:សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖