ខេត្តប៉ៃលិន ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជូនជនជាតិវៀតណាម៥នាក់ ទៅនាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅខេត្តសៀមរាប ដែលជាកន្លែងត្រៀមបណ្ដេញចេញពីកម្ពុជា ក្រោយមន្រ្តីជំនាញចាប់ឃាត់ខ្លួនពីបទលួចឆ្លងដែនដោយខុសច្បាប់កាលពីពេលកន្លងទៅ។បើតាមស្នងការនគរបាលខេត្ដប៉ៃលិន លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានបញ្ជាក់នៅថ្ងៃទី០១ ខែមិថុនានេះថា ជនជាតិវៀតណាមទាំង៥នាក់នេះ បានលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ តាមច្រករបៀងក្នុងខេត្តស្វាយរៀង ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន។
បន្ថែមពីនេះ លោកស្នងការនគរបាលខេត្ដ បញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនពួកគេទាំងអស់នេះ បានបញ្ចប់ការធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត១ នៅផ្ទះសំណាក់ភ្នំយ៉ាត ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
គួរបញ្ជាក់ថា បច្ចុប្បន្នជនជាតិវៀតណាមខាងលើនេះ ត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្ដេញចេញ នាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅខេត្តសៀមរាប៕

ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច