ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តស៊េរីទំនើបBMWគេចពីម៉ូតូជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ

ចែករំលែក៖

        ភ្នំពេញ ៖ យុវជនម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក BMWក្នុងល្បឿនលឿនគេចពីម៉ូតូជ្រុលចង្កូតទៅបុកនឹងសួនច្បារពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង២០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកស្គូពីពណ៌ស ពាក់ស្លាកលេខកំពត1O-5278 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកBMW ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា S.T.8586 បើកបរដោយយុវជនម្នាក់ធ្វើដំណើរក្នុងទិសដៅស្របគ្នាមកពីក្រោយ ហើយបើកគេចពីម៉ូតូដែលនៅខាងមុខ បណ្តាលឲ្យកៀរម៉ូតូដួល ហើយជ្រុលចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូបានរងរបួសស្រាល។

  ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ខណ្ឌចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តBMWសង១០០ដុល្លារទៅខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។ ចំណែកឯរថយន្តសមត្ថកិច្ចបានឲ្យម្ចាស់រករថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង ដោយសារតែករណីនេះមិនបណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋនោះទេ៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖