ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញកំពុងស្តារប្រឡាយទួលពង្រ២ ប្រវែងជាង៦គីឡូម៉ែត្រដើម្បីរំដោះទឹកចេញពីភូមិឋានពលរដ្ឋនៅក្នុងតំបន់ភាគខាងលិចឆៀងខាងត្បូងរាជធានី

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីរំដោះនូវការលិចលង់ ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយទួលពង្រ២ ដែលប្រឡាយនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរំដោះទឹកចេញពីលំនៅឋានប្រជាពលរដ្ឋនៅក្នុងតំបន់ភាគខាងលិចឆៀងខាងត្បូងរាជធានីភ្នំពេញ។ ការងារស្ដារប្រឡាយនេះនៅតែធ្វើបន្តបើទោះបីរាជធានីភ្នំពេញបាននិងកំពុងទប់ស្កាត់និងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ។

   លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០១ខែមិថុនានេះថា អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពស្ដារប្រឡាយទួលពង្រ២ ដើម្បីបើកមុខទឹកហូរឱ្យបានលឿន ក្នុងការរំដោះទឹកចេញពីលំនៅឋានប្រជាពលរដ្ឋនៅរដូវវស្សានេះ ។

     លោកដួង ចាន់សារ៉ាត់  បានបញ្ជាក់ថា ប្រឡាយនេះមានបណ្ដោយ៦១០០ម៉ែត្រ ចាប់ផ្តើមចេញពីផ្លូវជាតិលេខ៣ ឆ្លងកាត់សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ ក្នុងខណ្ឌពោធិសែនជ័យ និងឆ្លងទៅសង្កាត់ព្រៃស ទម្លាក់ទៅស្ពានព្រែកហា ដែលមានទទឹង១០ម៉ែត្រទៅ១៥ម៉ែត្រ ដោយកន្លែង ។ ការដ្ឋាននេះបានដំណើរការសកម្មភាពរបស់ខ្លួនកាលពីថ្ងៃទី៣១ខែឧសភា ហើយគម្រោងនេះនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

    លោកបានបញ្ជាក់បន្ថែមទៀតថា ប្រឡាយនេះមានសារៈសំខាន់ណាស់ក្នុងការរំដោះទឹក កាត់បន្ថយបាននូវការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ពោលគឺអាចរំដោះទឹកបាននៅភាគខាងលិចឆៀងខាងត្បូងរាជធានីភ្នំពេញ ខណៈ ដែលតំបន់ទាំងនេះបានទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ២០២០ ដោយហេតុនេះហើយទើបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តការងារនេះជាបន្ទាន់ ដើម្បីរំដោះទឹក បាននារដូវវស្សានេះ បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ពោលគឺដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀតបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩៕

ដោយ ៖ សំរិត


ចែករំលែក៖