ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ទៅជូន ឧត្តមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ រួមមានអង្ករ ប្រេងឥន្ធន: និង ថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យនៅសាលាពលទាហានទី៥ ក្នុងបាត់ដំបង។
ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់លោកមេបញ្ជាការកងទ័ពជើងគោក និងលោកស្រីដល់ការអភិវឌ្ឍនធនធានមនុស្សដើម្បីធានាបាននូវគុណភាពនៃបរិមាណ តាមរយៈការបណ្តុះបណ្តាល និងលើកកម្ពស់សម្ថភាពរបស់យោធិនគ្រប់រូប ព្រមទាំងថ្នាក់ដឹកនាំ យោធាចារ្យ និង សិក្ខាកាមទាំងអស់ដែលកំពុងបម្រើការតាមតួនាទី ភារកិច្ចរបស់ខ្លួន។
មានប្រសាសន៍ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី សួន សុន តាងនាមឲ្យថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមនៃសាលាពលទាហានទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកមេបញ្ជាការ និង លោកស្រីដែលជានិច្ចជាកាលតែង គិតគូរ ដល់សុខទុក្ខ និងសុខុមាលភាពរបស់យោធិនដែលបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយចីរភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់យើង៕
ដោយ ៖ សូរិយា