ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយ ! នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ប្រមូលកញ្ចប់ពីទីតាំងជីករណ្តៅដី,និងសេដ្ឋកិច្ចពីទំនិញគេចពន្ធ ពីច្រកប៉ោយប៉ែត អូរស្មាច់ ច្រកជាំ ពីវៀតណាម តាមកំពង់ចាម ?

ចែករំលែក៖

ខេត្តសៀមរាប៖ បែបអ្នករកសុីគាត់ធុញទ្រាន់ នឹងការទារកញ្ចប់ច្រើនៗ ហើយសម័យកូវីដ-១៩ ពិបាករកចំណូល តែសមត្ថកិច្ចនៅបន្តកៀបក្តាមយកឈាម ទើបបែកពាងប្រហុក ឈានដល់បែកធ្លាយ ! នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ប្រមូលកញ្ចប់ពីទីតាំងជីករណ្តៅដី,និងសេដ្ឋកិច្ចពីទំនិញគេចពន្ធ ពីច្រកប៉ោយប៉ែត អូរស្មាច់ ច្រកជាំ ពីវៀតណាម តាមកំពង់ចាម ? ។

អ្នកជីករណ្តៅដីបានលួចធ្លោយថា, ខាងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប មានច្រើន គ្រាន់តែក្នុងនោះ ឮថា, រាល់ការបង់លុយត្រូវចាត់ចែងដល់លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួលផែនការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ,លោកវរ:សេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ទទួលបន្ទុកបទល្មើសព្រៃឈើ និង ជលផល។ ប៉ុន្តែមន្ត្រីលួចបង្ហើបថា , អ្នកមានអំណាចពីលើ មានន័យថា, អំណាចចាត់ចែងប្រមូលសេដ្ឋកិច្ច គឺនៅលើ
ស្នការរង និង ឈ្មោះ ម៉េង សំណាង។
អ្នករកសុីជីកអាចម៌ដីលក់បានត្អូញត្អែរថា, លោកវរ:សេនីយ៍ត្រី សុខ ភិរម្យ នាយរងការិយាល័យ ទទួលបន្ទុកត្រួតពិនិត្យខាងធនធានរ៉ែ ( អាជីវកម្មជីកអាចម៍ដីលក់ ) គឺកៀបយកលុយប្រចាំខែកាប់ឆៅៗ ហាងឆេងលើ តែបបូរមាត់ ទាមទារ។
បើតាមប្រភពព័ត៌មានច្បាស់ការណ៍ អាចទុកចិត្តបានឮដំណឹងថា ៖ តម្រូវឱ្យបង់ពី១០០០ ទៅ២៥០០ដុល្លារក្នុង១ខែ សម្រាប់ទីតាំងនីមួយៗ។ មន្ត្រីបានដឹងថា, ក្នុងខេត្តសៀមរាបទាំងមូល អាចមានទីតាំងជីកអាចម៌ដីយ៉ាងតិចចាប់ពី២០ ទៅ៣០ទីតាំង។

បើអ្នកប្រមូលសេដ្ឋកិច្ចពីការដឹកជញ្ជូនទំនិញ គឺមានឈ្មោះលោកវរ:សេនីយ៍ទោ ហេង ហឿយ នាយរងការិយាល័យ គាត់ទទួលបន្ទុកទំនិញគេចពន្ធ ពីច្រក ប៉ោយប៉ែត
អូរស្មាច់ ច្រកជាំ ពីវៀតណាម តាមកំពង់ចាម។
ពាក់ព័ន្ធករណីលើកឡើងខាងលើនេះ លោកវរ:សេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់អង្គភាព«នគរដ្រេហ្គននិងកាសែតនគរវត្ត»តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១យ៉ាងខ្លីថា៖ ឥឡូវអីចេះ ខ្ញុំមិនដឹងថាមេចទេ ! បើអ្នកសារព័ត៌មាន គាត់ទទួលដំណឹងពីអ្នកណា អាណឹងឱ្យគាត់បំភ្លឺដំណឹងហ្នឹងចុះ ! រួចក៏បិទទូរស័ព្ទ ។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួលផែនការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានមានប្រសាសន៌ថា៖ ខ្ញុំសូមអរគុណច្រើនចំពោះការសួរនូវសំណួរដែលមានវិជ្ជាជីវៈ ដែលមិនមែនចុះផ្សាយឮតែគេថា បានព័ត៌មាន ពីអ្នកនេះ អ្នកនោះសុំមិនបញ្ចេញឈ្មោះបែបនេះ។ លោកបន្តថា៖ ខ្ញុំសូមធ្វើការបញ្ជាក់ជូនថា ការជីកអាចម៍ដី វាមានអាជ្ញាបណ្ណចល័ត និងអាជ្ញាបណ្ណអចល័ត ដូចជាសំណួរដែលសួរត្រឡប់មកខ្ញុំថា, មានមន្ត្រីទៅដាក់ខែគេ១០០០ ទៅ២៥០០ដុល្លារ បើសម្រាប់ខ្ញុំ ខ្ញុំមិនទៅកាន់ជើងកូនចៅខ្ញុំទេ ប៉ុន្តែអ្នកនិយាយ គាត់និយាយខុស មិនដឹងថាទៅធ្វើអាជ្ញាបណ្ណអស់ប៉ុន្មានផងហ្នឹង ! ធ្វើអាជ្ញាបណ្ណតាមផ្លូវច្បាប់ ឥឡូវរដ្ឋបាលខេត្ត បានប្រតិភូកម្ម អោយរដ្ឋបាលស្រុកអចល័ត ការសុំច្បាប់អស់តែ២៥មុឺនរៀលទេ ហើយសុំច្បាប់ការពារបរិស្ថានអស់តែ២លានរៀលទេ មិនអស់៦០០ដុល្លារផង ហើយបើទៅសូកមន្ត្រី១ខែអោយបង់១០០០ ទៅ២០០០ យើងត្រូវគិតពិចារណាពីច្បាប់១ឆ្នាំគេចេញម្តង បើសិនករណីគេមានច្បាប់ តើមានមន្ត្រីណាទៅ ហ៊ានទៅសុំលុយ។ លោកបញ្ជាក់បន្តថា៖ មួយរយៈការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបបទល្មើសធនធានរ៉ែ មានស្នាដៃដោយសារការណែនាំពីលោកអភិបាលខេត្ត បង្រ្កាបការជីកអាចម៌ដីខុសច្បាប់ ហើយមិនបានបង់ពន្ធ ។ ដល់ឆ្នាំ២០២២នេះ យើងថាសម្រេចរហូតដល់ មានច្បាប់រ៉ែ ច្បាប់បរិស្ថានរហូតដល់៩០%ឯណោះ ដោយសារការបង្ក្រាបកន្លងទៅ។ ប៉ុន្តែយើងបង្ក្រាបទៅមានអ្នកមិនសប្បាយចិត្ត បែជាបង្កើតព័ត៌មាននេះឡើង ការពិតធ្វើច្បាប់មិនអស់៦០០ដុល្លារផង រឿងអីគេបង់អោយមន្ត្រីយើង។ លោកស្នងការរង លើកឡើងថា៖ ចុះបើគាត់សូក ក៏ត្រូវសូកខាងខ្ញុំផង សូកខាងរ៉ែផង សូកខាងបរិស្ថានផង ។ ប៉ុន្តែព័ត៌មានមិនពិតពីផេកតូចៗខ្លះ គាត់ចេះតែផ្សព្វផ្សាយ ទទួលព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ប៉ះពាល់ដល់កម្លាំងដែលគាត់ខិតខំបំពេញភារកិច្ច។
ពាក់ព័ន្ធនឹងករណីថា៖ លោកវរ:សេនីយ៍ទោ ហេង ហឿយ នាយរងការិយាល័យ គាត់ទទួលបន្ទុកទំនិញគេចពន្ធ ពីច្រក ប៉ោយប៉ែតអូរស្មាច់ ច្រកជាំ ពីវៀតណាម តាមកំពង់ចាម ,
គឺលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួលផែនការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ថា៖ ខ្ញុំបានព័ត៌មាននឹងហើយ ! ដោយសារប៉ុន្មានថ្ងៃមុននោះ មានអ្នកសារព័ត៌មានមួយចំនួនពីភ្នំពេញ ផេកតូចៗទេ គាត់បានទាក់ទងមកប្រធានការិយាល័យ ដើម្បីសុំឧបត្ថម្ភ ដោយយកព័ត៌មាននេះ ព័ត៌មាននោះ ដើម្បីស្នើសុំ ទើបកើតចេញជារឿងនេះឡើង ដូច្នេះខ្ញុំត្រូវពិភាគ្សាគ្នាជាមួយខាងប្រធានមន្ទីរព័ត៌មានខេត្ត ។ ចំពោះលោក ហេង ហឿយ អាចមានអ្នកនៅខេត្តដឹងថាគាត់គ្រប់គ្រងទំនិញគេចពន្ធ ទើបនិយាយបែបហ្នឹង។
សូមបញ្ជាក់ថា, ទាំងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួលផែនការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ទាំងលោកស្នងការគួរពិចារណាក្នុងរឿងនេះ ទុកជាកម្មវត្ថុស្រាវជ្រាវក្រែងមានមន្ត្រីគ្រាប់ល្ពៅ ឆ្លៀតឱកាសរកប្រយោជន៍ ហើយប៉ះពាល់ដល់អង្គភាព និងឈានដល់សតិអារម្មណ៍ឈ្មួញក៏អាចថាបាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖