ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុកម៉ូតូមួយគ្រឿងអូសប្រហែល២០ម៉ែត្រ បន្តបុករថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងបុកម៉ូតូពីក្រោយអូសប្រហែលជាង២០ម៉ែត្រ   រួចបន្តទៅបុករថយន្តមួយគ្រឿងទៀតកំពុងឆ្លងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង២៥នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GR 5066ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 3A 5818បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅស្របគ្នាមកពីខាងក្រោយ បានបុកជាមួយនឹងម៉ូតូអូសប្រហែលជាង២០ម៉ែត្រ រួចបន្តទៅបុកនឹងរថយន្តស្តារិចមួយគ្រឿងទៀតពណ៌សពាក់ស្លាកលេខភ្នំពេញ2U 0696ដែលកំពុងធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិចបណ្តាលឲ្យរងការខូចខាតរថយន្ត នឹងម៉ូតូយ៉ាងដំណំ ម្ចាស់ម៉ូតូបានរងរបួសស្រាល ចំណែកតៃកុងរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖