ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌច្បារអំពៅ ចេញសេចក្តីជូនដំណឹងស្តីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាបថា៖ កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅ ដោយខុសច្បាប់យ៉ាងអនាធិបតេយ្យដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ជាពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញ កាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណភាព និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ ទឹកទន្លេមិនស្អាតផងដែរ ។

ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលខណ្ឌច្បារអំពៅ តម្រូវឲ្យម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះទូកតូចៗ និងម្ចាស់សំណង់ មិនរៀបរយនៅលើផ្ទៃទន្លេក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ដោយទុករយៈពេល ១(មួយ) សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទំចេញសេចក្តីជូនដំណឹងនេះតទៅ។ផុតរយៈពេលកំណត់នេះរដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ណាមួយឡើយ។ ក្នុងករណីរឹងរូសនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ទន្ទឹមនេះ រដ្ឋបាលខ័ណ្ឌច្បារអំពៅ សូមស្នើបងប្អូនប្រជាពលរដ្ឋប្តូរទម្លាប់ពីការចឹញ្ចឹមត្រីតាមបែ
លើផ្ទៃទន្លេមកចិញ្ចឹមត្រីតាមស្រះវិញ។រដ្ឋបាលខណ្ឌច្បារអំពៅ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ ជាពិសេសម្ចាស់បចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះទូកតូចៗ និងម្ចាស់សំណង់មិនរៀបរយ លើផ្ទៃទន្លេក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះប្រកបដោយ ស្មារតីទទួល់ខុសត្រូវខ្ពស់៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖