ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលរង​ខេត្តស្វាយរៀង​ដឹកនាំក្រុមការងារនិងអាជ្ញាធរស្រុកចុះពិនិត្យ​នៅ​ហាង​ផឹកស៊ីខារ៉ាអូខេ​មួយកន្លែងក្នុងស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង​បានដឹកនាំក្រុមការងារនិងអាជ្ញាធរស្រុកចុះពិនិត្យ​នៅ​ហាង​ផឹកស៊ីខារ៉ាអូខេ​មួយកន្លែងយីហោ ម៉ា​យ​ហ្វេ​វ័រ​រីត​ និងបានឃាត់ខ្លួន​ស្ត្រី​បម្រើ​ការងារ​ក្នុង​ហាងជាច្រើននាក់​ដើម្បី​យក​ទៅវិភាគ​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័កនៅក្នុង​ហាង​ចំនួន​១៤​ថ្ងៃ ។​

  ការចុះត្រួតពិនិត្យហាង ម៉ា​យ​ហ្វេ​វ័រ​រីត នេះធ្វើឡើងនៅយប់ថ្ងៃទី១ ខែមិថុនាឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ម៉ែន សារ៉ាន់ អភិបាលស្រុក លោកអធិការនគរបាលស្រុកនិងសមត្ថកិច្ចដែលពាក់ព័ន្ធនៅចំណុចភូមិទួលអង្គប់ ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង។

  ពាក់ពន្ធ័ករណីខាងលើនេះលោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង​បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ហាងផឹកស៊ី​ខារ៉ាអូខេ យីហោ ម៉ា​យ​ហ្វេ​វ័រ​រីត ​​បានបើក​ធ្វើ​អាជីវកម្មដោយទទួលភ្ញៀឱ្យចូល​ផឹកស៊ី អង្គុយជាប់គ្នា ទើប​បានក្រុមការងារចុះមកពិនិត្យនាពេលនេះក៏ប៉ុន្តែ​មិនបានបិទ​អាជីវកម្ម​ទេ ហើយក៏​មិនបាន​ផាកពិន័យ​អ្វីដែរ ដោយគ្រាន់តែ​ឃាត់​អប់រំ ហើយឱ្យបើកអាជីវកម្ម ជាធម្មតា ប៉ុន្តែអនុញ្ញាតឱ្យម្ចាស់ហាង នេះលក់ដូរបានត្រឹមតែ​ម្ហូប វេច​ខ្ចប់ប៉ុណ្ណោះ មិន​អនុអនុញ្ញាតឱ្យបើកទទួលភ្ញៀវ​ចូល​ផឹក​ស៊ីក្នុង​ហាង​បន្តទៀត​នោះទេ​។​

  លោកបានបន្ថែមថា ចំពោះ​ម្ចាស់​ហាង​និង​ស្ត្រី​បម្រើ​ការងារ​ក្នុង​ហាង​ចំនួន​១៧​នាក់​បាន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​នឹង​កន្លែង​ក្នុងហាង​ចំនួន​១៤​ថ្ងៃ​រង់ចាំ​លទ្ធផល​យក​ទៅវិភាគ​សំណាក​ធ្វើតេស្ត​កូ​វីដ​-១៩ ដើម្បី​ទប់ស្កាត់ការ​ឆ្លងទៅ​សហគមន៍​និង​ដោយ​អនុវត្ត​តាមវិធាន​របស់​ក្រសួងសុខាភិបាល​និង​អនុ​សាសន៍​របស់​រាជរដ្ឋាភិបាល​«៣​កុំ ៣​ការពារ​»​ឲ្យ​មាន​ប្រសិទ្ធភាព​៕

ដោយ ៖ យឺម សុថាន


ចែករំលែក៖