ភ្នំពេញ ៖ កន្លែងឡដុតនំនៅហាងនំបុ័ងស្ទឹងមានជ័យ សាខាចំការដូង បានទុស្សេខ្សែភ្លើងឆេះផ្អើលដល់បុគ្គលិកក្នុងហាង រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចខណ្ឌដង្កោឲ្យជួយធ្វើអន្តរាគមន៍កាលពីវេលាម៉ោង២រសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចហាងនំប៉័ងស្ទឹងមានជ័យ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្សែងហុយខ្មួលខ្មាញ់ចេញពីបន្ទប់ឡដុតនំប៉័ងខាងលើ ទេីបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ទប់ស្កាត់ការពារកុំឲ្យឆេះរាលដាលនិងបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជារថយន្តពន្លត់អគ្គិភ័យឲ្យជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលេីភ្លាម សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿងមកដល់កន្លែងកើតហេតុដើម្បីជួយធ្វើអន្តរាគមន៍ តែមិនបានប្រើប្រាស់ទឹកនោះទេដោយគ្រាន់តែប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យតែប៉ុណ្ណោះ ក៏គ្រប់គ្រងស្ថានការណ៍បាញ់ពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរ ហើយនៅក្នុងករណីអគ្គិភ័យខាងលើនេះដែរមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួស និងខូចខាតទ្រព្យសម្បត្តិនោះឡេីយ ៕
ដោយ ៖ ភារ៉ា ដង្កោ