ភ្នំពេញ៖ ក្រោមគម្រោងស្ដារប្រឡាយឲ្យទាន់ពេលវេលានារដូវវស្សារបស់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌកំបូល ក៏បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះបានពន្លឿនការស្ដារប្រឡាយអមសង ខាងផ្លូវជាតិលេខ៤ ចាប់ពីចំណុចអូដឹម ដល់ផ្សារបែកចានប្រវែងជាង៤ពាន់ម៉ែត្រ ដើម្បីបញ្ចៀសមុខទឹកមិនឱ្យជន់លិចនៅរដ្ដូវវស្សាឆ្នាំនេះ ព្រោះជារៀងរាល់ឆ្នាំ តំបន់នេះនៅរដូវវស្សាពេលភ្លៀងមកម្ដងៗ តែងតែជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់កន្ទោក សង្កាត់កំបូល ពិសេសនៅតំបន់នេះតែម្ដង ដោយប្រឡាយអមសងខាងផ្លូវជាតិលេខ៤និងដោយសារតែសំរាមដែលបងប្អូនយកមកបោះចូលក្នុងប្រឡាយនេះផង ។
ក្រោមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឱ្យដឹងថា ក្នុងនាមអាជ្ញាធរខណ្ឌ លោកក៏បានសហការជាមួយមន្ទីរធនធានទឹក រាជធានីភ្នំពេញ ចុះស្តារប្រឡាយស្របផ្លូវជាតិលេខ៤ ដើម្បីរំដោះការលិចលង់ក្នុងរដូវវស្សានេះ។ ជាមួយគ្នានេះដែរ ក្នុងនាមអាជ្ញាធរខណ្ឌកំបូល លោកក៏សូមឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវកុំបោះចូល ប្រឡាយ និងរួមគ្នាសម្អាតបរិស្ថាន ជៀសវាងបង្កការកកស្ទះក្នុងប្រឡាយ ធ្វើឲ្យស្ទះមុខទឹកហូរនាំឱ្យជន់លិចផ្ទះរបស់បងប្អូន ៕
ដោយ ៖ សំរិត