ខេត្តកណ្ដាល ៖ នៅថ្ងៃទី២ខែមិថុនាឆ្នាំ២០២១នេះ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្នក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនជនជាតិវៀតណាម-ចិនចំនួន៦នាក់ ដាក់ពន្ធនាគារខេត្តកណ្ដាល ដោយចោទប្រកាន់ពីបទកែច្នៃ,រក្សាទុក, ដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
គួររំឭកថា កាលពីថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២១ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានធ្វើការស៊ើបអង្កេតដឹងថា ក្រុមឧក្រិដ្ឋជនទាំង៦នាក់ខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមៗនោះកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកកិច្ចប្រតិបត្តិការបង្ក្រាបបណ្តាញក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដោយបានរឹបអូសគ្រឿងញៀននិងសារធាតុគីមីផ្សំជាង១០៤គ.ក្រ. ដែលការបង្ក្រាបនេះគឺអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលនីតិវិធីពីលោកលាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ព្រមទាំងមានការចូលរួមពីកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក សេង រិទ្ធី ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត-ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបករណី កែច្នៃ រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សរុបចំនួន៦គោលដៅនៅរាជធានីភ្នំពេញ ឃាត់ខ្លួនបណ្តាញឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនខុសច្បាប់ សរុបចំនួន៦នាក់ (ជនជាតិចិន៥នាក់ និងវៀតណាម១នាក់) រួមមាន៖ ១-ឈ្មោះ ង្វៀន យ៉ាំងយិន(Nguyen Van Vinh) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម, ២- ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន,៣-ឈ្មោះ QIU QING WEI ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន, ៤-ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា, ៥-ឈ្មោះCHEN SHEN TANG ភេទប្រុស ជនជាតិចិន, ៦-ឈ្មោះ LI YI ភេទប្រុស ជនជាតិចិន។ ចំណែកវត្ថុតាងរួមមាន៖
១-សារធាតុញៀន សរុបទម្ងន់៩៤៧៩៣,៨៤ក្រាម (៩៤គីឡូ និង ៧៩៣,៨៤ក្រាម)
២-ល្បាយគីមីផ្សំ P2P និង MAPA សរុបទម្ងន់ ១០៥១៩,៨៨ ក្រាម (១០គីឡូ និង ៥១៩,៨៨ក្រាម)
៣-កាំភ្លើងខ្លីចំនួន០២ដើម
៤-កាំភ្លើងខ្លីកែច្នៃ ពណ៌ស ចំនួន០២ដើម
៥-រថយន្ត ចំនួន០៣គ្រឿង
៦-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០៥គ្រឿង
៧-ទូរស័ព្ទចំនួន ១២គ្រឿង
៨-ឧបករណ៍កែច្នៃគ្រឿងញៀន និងសម្ភារពាក់ព័ន្ធមួយចំនួនធំ៕
ដោយ ៖ ស្អាងជ័យ