ក្រុងប៉ោយប៉ែត៖ ទាហានថៃបានល្បាតតាមព្រំដែន ចាប់ពលករខ្មែរចំនួន៥នាក់ លួចឆ្លងចូលប្រទេសថៃ តែអះអាងថា ចំណាយលុយក្នុងម្នាក់៥,០០០បាតឲ្យមេខ្យល់។
សេចក្ដីរាយការណ៍ពីប្រទេសថៃថាៈកាលពីវេលាម៉ោង១២នឹង២០នាទី ថ្ងៃទី២ មិថុនា ២០២១ នេះសមត្ថកិច្ចទាហានស្រុកតាព្រះយ៉ា កងកម្លាំងបូរផា បានទទួលសរចក្ដីរាយការណ៍ពីក្រុមល្បាតនគបាលល្បាតព្រំដែនទី១២ ថាខណៈកំពុងល្បាតនៅក្នុងភូមិសាស្រ្តទទួលខុសត្រូវនោះ បានពិនិត្យឃើញក្រុមសង្ស័យ ដែលគិតថា ហ្នឹងលួចចូលមកប្រទេសថៃដោយខុសច្បាប់ នៅបរិវេណចម្ការដំឡូង ក្រោយភូមិទ័ពសៀម ឃុំតា ព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ រវាងចំណុចត្រួតពិនិត្យគីឡូម៉ែត្រ២៦-២៧ ទើបសមត្ថកិច្ចស្រុកតាព្រះយ៉ា ចូលទៅត្រួតពិនិត្យ និងឃុំខ្លួនពលរដ្ឋខ្មែរចំនួន៥នាក់។
ក្រោយពីសួរនាំ បានឲ្យដឹងថា ពលរដ្ឋខ្មែរខាងលើបានលួចឆ្លងដែនចូលមកប្រទេសថៃចំនួន៥នាក់ ក្នុងនោះប្រុស២ និងស្រី៣នាក់ រួមមានឈ្មោះ៖ មាន ដុង ប្រុស អាយុ៤៥ឆ្នាំ,តេ សន្តិ ប្រុស អាយុ២៣ឆ្នាំ,ភូ ផាហូយ ស្រី អាយុ៤១ឆ្នាំ,ចះរស់ សាន់ដេ ស្រី អាយុ២៤ឆ្នាំ,ចះរ៉េះ សាន់ឌី ស្រី អាយុ១៨ឆ្នាំ ដោយពលរដ្ឋខ្មែរទាំង៥នាក់ ទទួលសារភាពថា ធ្វើដំណើរមកពីស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវការចូលទៅធ្វើការសំណង់នៅខេត្តនុនថះ បុរី ដោយមានញាតិរបស់ខ្លួនធ្វើការនៅទីនោះ មានជនជាតិខ្មែរដឹងឈ្មោះមេខ្យល់នាំផ្លូវ តាមច្រករបៀងក្នុងការធ្វើដំណើរលួចចូលមក ដោយបានបោះបង់ចោលពួកខ្លួន និងប្រាប់ថា ហ្នឹងមានអ្នកមកទទួលនាំទៅបន្ត ក្នុងពេលរង់ចាំនោះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនមុន។ពលករខ្មែរខាងលើ បានឆ្លើយថា ការធ្វើដំណើរចូលមកព្រំដែនខាងលើ ចំណាយលុយអស់ក្នុងម្នាក់៥,០០០បាត និងបានចំណាយរួចទៅហើយចំនួន២,៥០០បាត ទើបសមត្ថកិច្ចអនុវត្តតាមវិធានការរបស់សុខាភិបាលដោយពិនិត្យកម្ដៅ ឃើញថា ទាំង៥នាក់មានកម្ដៅធម្មតា បន្ទាប់មកសមត្ថកិច្ចបានចោទប្រកាន់ជនត្រូវចោទទាំង៥នាក់ ឱ្យដឹងថា ពីទង្វើខុសច្បាប់ជាបុគ្គលបរទេសលួចចូលមក។ និងស្នាក់នៅក្នុងរាជាណាចក្រថៃដោយមិនបានទទួលការអនុញ្ញាត ទើបបានធ្វើកំណត់ហេតុចាប់ឃុំខ្លួនទុកជាភស្តុតាង ក្រោយមកបាននាំជនត្រូវចោទទាំងអស់ បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកMOU ចំណុចត្រួតពិនិត្យអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ៕
ដោយ ៖ វណ្ណា