ខេត្តស្វាយរៀង រដ្ឋបាលខេត្តស្វាយរៀងមានក្តីរន្ធត់ និងសោកស្តាយដោយបានទទួលព័ត៌មានអំពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ចំនួន១នាក់ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ដោយ
បានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
រដ្ឋបាលខេត្តស្វាយរៀងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកពេជ្រ ភឿន អាយុ៤២ឆ្នាំ មានទីលំនៅក្នុង ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩នៅវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី១ ខែមិថុនាឆ្នាំ ២០២១។
រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេស អនុវត្ត៣កុំនិង៣ការពារ ៕
ដោយ៖យឹម សុថាន