ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ចេញបង្ហាញទស្សនៈយោបល់ជាច្រើនមកកាន់ហ្វេសប៊ុកផ្ទាល់ខ្លួន រឿងចំងល់ថាតើក្រសួងបាន និងកំពុងជួយអ្វីខ្លះជូនដល់កសិករ !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា, កន្លងមកក្រសួងបានទទួលបានយោបល់ និងសំណូមពរជាច្រើន មកកាន់ក្រសួង ជាពិសេសមកកាន់រូបខ្ញុំផ្ទាល់ ដែលមានចំងល់ថាតើក្រសួងបាន និងកំពុងជួយអ្វីខ្លះជូនដល់កសិករ ហើយទន្ទឹមនឹងនេះគេបានបង្ហាញទស្សនៈយោបល់ជាច្រើនមកកាន់ហ្វេសប៊ុករបស់ខ្ញុំ ។ អាស្រ័យហេតុនេះ ដើម្បីបំបាត់ចំងល់លើបញ្ហាកន្លងមក ខ្ញុំនឹងចាត់ចែងរៀបចំដោយផ្ទាល់ក្នុងការផ្តល់ជូនប្រជាពលរដ្ឋនូវគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការ បាននិងកំពុងអនុវត្តន៍ បានជ្រាបពីសកម្មភាព ម្តងមួយៗ ដើម្បីចូលរួមអភិវឌ្ឍន៍កសិកម្ម ទាំងអស់គ្នា ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា, គម្រោងកម្មវិធី ទីមួយ៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Agricultural Services Programme for Innovation, Resilience and Extension, ASPIRE)

កម្មវិធី ASPIRE ត្រូវបានរៀបចំឲ្យមាន ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ១) ក្នុងការរៀបចំឲ្យមាន និងកែលម្អគោលនយោបាយ និងសមត្ថភាពផ្តល់សេវាកម្មផ្សព្វផ្សាយកសិកម្ម ដែលមានភាពប្រសើរជាងសព្វថ្ងៃ និង ២) ដើម្បីសម្របសម្រួលសកម្មភាពផ្សព្វផ្សាយរបស់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ។

កម្មវិធីនេះទទួលបន្ទុកគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប ឬ NCDD) និងដោយប្រើប្រាស់ថវិកាជាង ៦៧ លានដុល្លារអាមេរិក ដែលថវិកានេះភាគច្រើនជាជំនួយ និងកម្ចីរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងពីប្រទេស និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត ។

កម្មវិធី ASPIRE មានគោលដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទ្រាំរបស់កសិករដែលមានទំហំផលិតកម្មតូច ជាមួយនឹងការប្រែប្រួលអាកាសធាតុ ។ ក្នុងនោះ កម្មវិធី ASPIRE មានគោលបំណងធ្វើឲ្យមានគំរូសេវាកម្មកសិកម្ម ដែលមានប្រសិទ្ធភាពសម្រាប់គាំទ្រកសិករដែលមានទំហំផលិតកម្មតូច សំដៅរួមចំណែកបង្កើនសេដ្ឋកិច្ច ដោយធ្វើអាជីវកម្មបានចំណេញ ធន់ទ្រាំនឹងអាកាសធាតុ ហើយគំរូសេវាកម្មកសិកម្ម ត្រូវបានយកទៅពិចារណាក្នុងការរៀបចំធ្វើគោលនយោបាយ ។

កម្មវិធី ASPIRE មានសមាសភាគចំនួន ៤ គឺ ៖ (១) ការអភិវឌ្ឍគោលនយោបាយផ្អែកលើភស្តុតាង (២) ការអភិវឌ្ឍសមត្ថភាព សម្រាប់សេវាកម្មផ្សព្វផ្សាយ (៣) សេវាកម្មផ្សព្វផ្សាយដែលបានកែលម្អ និង (៤) ហេដ្ឋារចនា សម្ព័ន្ធសម្រាប់គាំទ្រវិស័យកសិកម្ម ឲ្យមានភាពធន់នឹងអាកាសធាតុ ។

កម្មវិធី ASPIRE មានវិធីសាស្ត្រផ្សព្វផ្សាយចំនួន ៥ គឺ ៖ ១) ការធ្វើកិច្ចសន្យាជាមួយអ្នកក្រៅ ២) ភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ៣) ការគាំទ្រសហគមន៍កសិកម្ម និងអង្គការកសិករ ៤) ការផ្សព្វផ្សាយពីកសិករទៅកសិករ និង ៥) សេវាកម្មដែលធ្វើដោយអង្គភាពរដ្ឋផ្ទាល់ ។

កម្មវិធី ASPIRE មានគោលការណ៍អនុវត្តចំនួន ៥ គឺ ៖ ១) ការផ្សារភ្ជាប់នឹងទីផ្សារ ២) ការធ្វើអាជីវកម្មជាក្រុម ៣) វេទិកាអ្នកពាក់ព័ន្ធចម្រុះ ៤) គុណភាព និងសុវត្ថិភាពស្បៀង និង ៥) ភាពធន់នឹងអាកាសធាតុ ។

ការអនុវត្តកម្មវិធីនេះមានរយៈពេល ៧ ឆ្នាំ គឺពីឆ្នាំ ២០១៥ ដល់ត្រីមានទី ១ ឆ្នាំ ២០២២ ។ ដោយសារការរាតត្បាតនៃជំងឺ កូវីដ ១៩ កម្មវិធីនេះអាចត្រូវបានបន្លាយដល់ចុងឆ្នាំ ២០២២ ។

ពីដំបូង គឺពីឆ្នាំ ២០១៥ កម្មវិធីនេះត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន ៦ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ។ ដោយត្រូវបានទទួលការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី និងបេសកកម្មជាបន្តបន្ទាប់របស់ IFAD ថាជាកម្មវិធីដ៏ល្អ ដែលបានរួមចំណែកអភិវឌ្ឍវិស័យកសិកម្មជាតិ និងបង្កើនជីវភាពប្រជាកសិករ កម្មវិធីនេះត្រូវបានពង្រីកទៅអនុវត្តនៅក្នុងខេត្តផ្សេងទៀតជាបន្តបន្ទាប់ ។ ចាប់ពីឆ្នាំ ២០២០ កម្មវិធីនេះត្រូវបានអនុវត្តនៅក្នុងខេត្តទាំង ២៤ នៃព្រះរាជាណាចក្រកម្ពុជា (សូមមើលផែនទីជូនភ្ជាប់មកជាមួយខាងក្រោម) ។

រហូតមកដល់ពេលនេះ កម្មវិធី ASPIRE បានចំណាយថវិកាអស់ប្រមាណ ៥៩ លានដុល្លារ ស្មើនឹងជាង ៨៨ % នៃថវិកាសរុបចំនួនជាង ៦៧ លានដុល្លារ ហើយសម្រេចបានជោគជ័យប្រមាណជាង ៨៩ % នៃលទ្ធផលដែលបានគ្រោង ។ ទន្ទឹមនឹងនេះ កម្មវិធី ASPIRE គាំទ្រគ្រួសារកសិករគោលដៅបាន ១៣០ ៥៥៦ គ្រួសារ ឬ ជាង ៩១ % នៃគ្រួសារគោលដៅសរុបចំនួន ១៤៤ ០០០ គ្រួសារ ហើយបានបង្កើនចំណូលគ្រួសារកសិករពី ២ ៨៥៩ ដុល្លារ/គ្រួសារ នៅឆ្នាំ ២០១៧ ដល់ ៣ ៣០៨ ដុល្លារ/គ្រួសារ នៅឆ្នាំ ២០២០ នេះ ពោលគឺកើនឡើង ១៦ % ក្នុង រយៈពេល ៣ ឆ្នាំ (ស្មើនឹង ៥,៣៣ %/ឆ្នាំ) ។

ដើម្បីជំរុញផលិតកម្មកសិកម្មឱ្យរីកចម្រើនឆ្លើយតបនឹងតម្រូវការទីផ្សារ កម្មវិធី ASPIRE បានរៀបចំចងក្រងកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញកសិផល ជាបណ្តុំអាជីវកម្មបានចំនួន ២ ២១៥ បណ្តុំ ដែលមានកសិករជាសមាជិកចំនួន ៧២ ៦៤២ គ្រួសារ ។ កម្មវិធី ASPIRE ក៏បានគាំទ្រទាំងបច្ចេកទេស និងសម្ភារ ដើម្បីធ្វើឲ្យបណ្តុំទាំងនោះមានដំណើរការល្អ ហើយអាចផលិតកសិផល ស្របតាមតម្រូវការទីផ្សារ ។ ចំនួនបណ្តុំ និងសមាជិកសម្រាប់ខេត្តគោលដៅនីមួយៗ និងសរុប មានរៀបរាប់ក្នុងតារាងខាងក្រោម ។

មានកសិផល ឬ ប្រភេទអាជីវកម្មសរុបចំនួន ៤៤ ត្រូវបានផលិតដោយបណ្តុំទាំងអស់ ។ តារាងខាងក្រោមបង្ហាញអំពីកសិផល ឬ ប្រភេទអាជីវកម្មរបស់បណ្តុំអាជីវកម្មទាំងអស់ ។
ពីតួលេខក្នុងតារាងនេះ យើងអាចវាយតម្លៃបានថា ជាមធ្យមគ្រួសារនីមួយៗទទួលបានចំណូលពីសកម្មភាពគាំទ្រដោយកម្មវិធី ASPIRE ជាង ៧៥០ ដុល្លារ/ឆ្នាំ ។ ជាមធ្យមដែរ កម្មវិធី ASPIRE ចំណាយដើម្បីគាំទ្រផែនការអាជីវកម្មនៃគ្រួសារនីមួយៗប្រមាណ ១៣០ ដុល្លារ/គ្រួសារ ។ ដូច្នេះ ប្រាក់ចំណូលមានប្រមាណ ៥,៧៧ ដងខ្ពស់ជាងការចំណាយគាំទ្ររបស់កម្មវិធី ASPIRE ។

លទ្ធផលសំខាន់ៗផ្សេងទៀតដែលកម្មវិធីសម្រេចបាន មានដូចជា ៖
 មានគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងឯកសារជាច្រើន មានជាអាទិ៍គឺផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ឆ្នាំ ២០១៩ – ២០២៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្ត ឆ្នាំ ២០១៩ – ២០២៣ ផែនការមេនៃវិស័យកសិកម្ម ឆ្នាំ ២០២១ – ២០៣០ គោលនយោបាយផ្សព្វផ្សាយកសិកម្ម ការបង្កើតតំបន់ពិសេសសម្រាប់កែច្នៃផលិតផលកសិកម្ម កម្មវិធី និងបរិក្ខារសិក្សាបែបអេឡិចត្រូនិច ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ កសិ-ឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៩ – ២០៣០ សេចក្តីព្រាងផែនការយុទ្ធសាស្រ្តជំរុញចលនាភូមិ ១ផលិតផល ១ កម្មវិធីសិក្សាសម្រាប់ភ្នាក់ងារផ្សព្វផ្សាយឃុំ ត្រូវបានស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និងអនុវត្ត
 បានជ្រើសរើស និងបណ្តុះបណ្តាលភ្នាក់ងារផ្សព្វផ្សាយឃុំចំនួនជាង ៧០០ នាក់
 មានអ្នកផ្សព្វផ្សាយចំនួន ៣០៤៩ នាក់ បានទទួលការបណ្តុះបណ្តាលស្តីពីគ្រូផ្សព្វផ្សាយ
 មានគ្រួសារកសិករចំនួន ១៣០ ៥៥៦ បានទទួលផលដោយផ្ទាល់ពីកម្មវិធី ដែល ៤៧ % នៃគ្រួសារទាំងនោះមានស្ត្រីជាមេគ្រួសារ
 មានគ្រួសារកសិករចំនួន ៥៦ ០០០ បានទទួលយកទៅអនុវត្តនូវបច្ចេកវិទ្យាដែលសមស្របជាមួយបរិស្ថាន និងដែលធ្វើឲ្យមានភាពធន់នឹងអាកាសធាតុ
 មានកសិករ និងមន្ត្រីចំនួន ៤៦ ៤១១ នាក់បានទទួលការបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំ និង ៤៣ ២០១ នាក់ បានទទួលការបណ្តុះបណ្តាលស្តីពីការចិញ្ចឹមសត្វ
 មានហេដ្ឋារចនាសម្ព័ន្ធដែលធ្វើឲ្យមានភាពធន់នឹងអាកាសធាតុចំនួន ២៣០ ត្រូវបានកសាង និងជួសជុល ដែលផ្តល់ផលដល់ផ្ទៃដីទំហំ ៨៤ ២១៧ ហិកតា និងគ្រួសារកសិករចំនួន ១០៩ ៦៥៨ គ្រួសារ
 មានផ្ទះសំណាញ់សម្រាប់ដាំបន្លែចម្រុះ បំពាក់ដោយប្រព័ន្ធស្រោចស្រពជាដំណក់ទឹក ចំនួន ៤១៦ ត្រូវបានសាងសង់ជូនកសិករ
 មានមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលចំនួន ១៦៦ កំពុងត្រូវបានសាងសង់ជូនបណ្តុំអាជីវកម្ម
 មានឯកសារបច្ចេកទេសជាង ៦០០ ត្រូវបានដាក់បញ្ចូលក្នុង Website ផ្សព្វផ្សាយ ហើយមានអ្នកចូលមើល ជាង ៥១៦ ពាន់នាក់ និងមានឯកសារជាង ១៣៨ ពាន់ ត្រូវបានទាញយកទៅប្រើប្រាស់ ។
 ចំការ App សម្រាប់ផ្តល់ព័ត៌មានបច្ចេកទេស និងសម្របសម្រួលការទិញលក់ធាតុចូល និងកសិផល ត្រូវបានច្នៃបង្កើត និងធ្វើឲ្យសាយភាយ ។ មកទល់សព្វថ្ងៃ មានអ្នកប្រើប្រាស់ជាង ៣ ម៉ឺននាក់ បានចុះឈ្មោះ និងជាង ២ ២០០ នាក់ បានធ្វើប្រតិបត្តិការទិញ លក់ធាតុចូលកសិកម្ម និងផលិតផលកសិកម្ម តាមរយៈ App នេះ។ផ្អែកលើលទ្ធផលដ៏ធំធេងដូចបានរៀបរាប់ខាងលើ ជាពិសេសក្នុងការផ្តល់ការគាំទ្រដល់កសិករដែលមានទំហំផលិតកម្មតូចនៅទូទាំងប្រទេស ដែលធ្វើឲ្យតម្លៃទ្រព្យសម្បត្តិគ្រួសារកើនជាមធ្យម ២៥ % និងតម្លៃនៃផលិតកម្មកើនជាមធ្យម ១៦ % ម្ចាស់ជំនួយ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា) កំពុងពិចារណាអំពីការគាំទ្រថវិកាដើម្បីអនុវត្តកម្មវិធីASPIREក្រោយឆ្នាំ២០២២ជាបន្ត៕

ដោយ ៖ សិលា


ចែករំលែក៖