ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា៖ ការបាត់បង់លោក ត្រាំ អុីវតឹក គឺជាការបាត់បង់ ឥស្សរជនឆ្នើមមួយរូប ក្នុងកិច្ចការបម្រើជាតិមាតុភូមិ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោក ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគល់សារ ជូនលោកជំទាវ ឈរ ណារី ត្រាំ អុីវតឹក ដើម្បីចូលរួមរំលែកនូវមរណៈទុក្ខ ជាមួយគ្រួសារសព ប្រកបដោយការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អុីវតឹក គឺជាការបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ព្រមទាំងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលពេញមួយជីវិត បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

នៅក្នុងសារលិខិតរំលែកទុក្ខនេះដែរ បានបញ្ជាក់ទៀតថា ៖ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមឧទ្ទិសបងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកទេសរដ្ឋមន្ត្រី ត្រាំ អុីវតឹក សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា៖ លោក ត្រាំ អុីវតឹក ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរេាគាពាធ។
បច្ចុប្បន្ន សពតំកល់ធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានឯកឧត្តមផ្ទាល់ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕

ដោយ ៖ សិលា


ចែករំលែក៖