ខេត្តស្វាយរៀង៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១នេះ មានអ្នកជំងឺកូវីដ-១៩សរុប៩៣០នាក់ ស្រី ៥៤៧នាក់ (ជនជាតិខ្មែរ៨៨៦នាក់,ជនជាតិបរទេស៤៤នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប ៤៦៣នាក់ ស្រី ២២២នាក់ អ្នកជំងឺស្លាប់៦នាក់ជាជនជាតិខ្មែរ ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បន្តថា ចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយកសំណាកបានយកសំណាកលើកម្មករ កម្មការិនី ចំនួន ២.៥១៧នាក់ និងបានរកឃើញករណីវិជ្ជមានចំនួន៣៥២នាក់ ក្នុងចំណោមរោងចក្រចំនួន៨នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ រួមមានតំបន់សេដ្ឋកិច្ចពិសេសសានតុង មានរោងចក្រ យូលី១ រោងចក្រ ប៊្យូលធីហ្វូលវីនដូ និងរោងចក្រ អូខ្លូត តំបន់សេដ្ឋកិច្ចពិសេស មេនហាធេន មានរោងចក្រសាន់ ហ្វេង រោងចក្រម៉ូរ៉ូហ្វូជី និងរោងចក្រយូធីឡាយ ហើយនិងតំបន់សេដ្ឋកិច្ចពិសេសតាយសេង មានរោងចក្រអេអិនជេ និងរោងចក្រស្មាត
ថេក។
ចំពោះប្រភពចម្លង ក្រុមការងារសង្ស័យទៅលើបុរសជាប្តីកម្មការិនីម្នាក់ដែលដឹកជញ្ជូនបន្លែពីស្វាយរៀងយកទៅលក់នៅផ្សារដើមគ ករណីខ្លះប្តីប្រពន្ធធ្វើការរោងចក្រផ្សេងគ្នា បើមានវិជ្ជមាននឹងចម្លងគ្នា រួចចម្លងទៅរោងចក្រផ្សេងទៀត ប៉ុន្តែមានរោងចក្រខ្លះ ថៅកែរោងចក្រអនុវត្តតាម SOP ត្រឹមត្រូវ ឃើញថាពុំមានការចម្លងទេ។ ក្រោយពីរកឃេីញអ្នកវិជ្ជមាន ក្រុមការងារមន្ទីរសុខាភិបាលខេត្តបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្យាបាលកូវីដ-១៩ខេត្ត ធ្វេីចត្តាឡីស័កនិងយកសំណាកចំពោះអ្នកប៉ះពាល់ផ្ទាល់ ចំណែកអ្នកប៉ះពាល់ប្រយោលឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ហើយប្រសិនជាមានចេញរោគសញ្ញា ដូចជា ក្តៅ ក្អក ថប់ដង្ហើម ហៀរសំបោរ ត្រូវប្រញាប់ប្រញាល់ទៅធ្វេីសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩។
លោកវេជ្ជបណ្ឌិតក៏បានអំពាវនាវដល់ប្អូនៗ ក្មួយៗកម្មករ កម្មការិនីរោងចក្រ ត្រូវតែធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កឱ្យបានត្រឹមត្រូវ ជៀសវាងចម្លងរោគដល់ប្តីប្រពន្ធ កូន ឪពុកម្ដាយបងប្អូនរបស់ខ្លួន និងអ្នកដទៃទៀត ក្រោយពីរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅលើកម្មករ កម្មការនីមួយចំនួននៅតាមមូលដ្ឋាន ដេីម្បីការពារទប់ស្កាត់ការផ្ទុះឡេីងជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ។ ចំពោះថៅកែរោងចក្រត្រូវអនុវត្តឱ្យបាននូវ SOP ចំណែកកម្មករ កម្មការិនី រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ផង ត្រូវគោរពតាមវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ។
នេះជាលើកទី២ហើយ ដែលខេត្តស្វាយរៀងមានករណីផ្ទុះជំងឺកូវីដ-១៩ ប៉ុន្តែដោយមានការផ្តល់មតិយោបល់ និងអនុសាសន៍ល្អៗ ពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងក្រុមការងារ និងដោយសារមានការគ្រប់គ្រងបញ្ជាផ្ផ្ទាល់ពីលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ធ្វើឱ្យស្ថានការណ៍តានតឹងត្រឡប់ទៅជាធូរស្រាលវិញក្នុងរយៈពេលដ៏ខ្លី ។
កត្តាជោគជ័យទាំងនេះ ក៏ដោយសារការយកចិត្តទុកដាក់ ឧបត្តម្ភគាំទ្រទាំងសម្ភារឱសថ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងថវិកាសម្រាប់ឧបត្តម្ភដល់បុគ្គលិកបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។
ជាពិសេសទៅទៀត មន្ត្រីកិច្ចសន្យា បុគ្គលិកស្ម័គ្រចិត្តបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានសេចក្តីត្រេកអរយ៉ាងក្រៃលែង និងដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលពួកគាត់ត្រូវបានក្រសួងសុខាភិបាលបញ្ជូនឈ្មោះស្នើសុំសម្តេចតេជោ បញ្ចូលក្នុងក្របខ័ណ្ឌសុខាភិបាលផងដែរ៕
ដោយ៖ យឹម សុថាន