ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោបើកការស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពគាស់បង្អួចលួចយកទ្រព្យសម្បត្តិយាយជីស្នាក់នៅក្នុងវត្តសំបួរមាសបានសម្រេច រួចរត់គេចខ្លួនបាត់មួយថ្ងៃ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង០០នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះសំណាក់ស្លឹងមាស ផ្លូវលេខ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ឈ្មោះ កើត ប្រាកដ ហៅ ឡា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ៅ សំអាត ភេទស្រី អាយុ៦២ឆ្នាំ មុខរបរយាយជី ស្នាក់នៅតូបយាយជី ក្នុងវត្តសំបួរមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី០១ ខែមិថុនា វេលាម៉ោង២៣និង៣០នាទី ជនរងគ្រោះបានត្រឡប់មកពីចូលរួមពិធីបុណ្យសពនៅក្នុងវត្តសំបួរមាសក្បែរតូបស្នាក់នៅ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយជនរងគ្រោះក៏បានយកទូរស័ព្ទដៃម៉ាកoppoពណ៌ខ្មៅ ចំនួន១គ្រឿង ដាក់បញ្ចូលថ្មក្បែរកន្លែងដេក និងដាក់កាបូបស្ពាយព្យួរលើជញ្ជាំងតូប ដែលមានលុយចំនួន ១,១០០,០០០ រៀល (មួយលានមួយសែនរៀល) និងខ្សែកលោហធាតុពណ៌លឿង (ផ្លាទីន) មានបន្តោងពណ៌ក្រហម រួចជនរងគ្រោះក៏បានដេកដូចធម្មតា។ លុះមកដល់វេលាម៉ោង៥និង០០នាទីព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះក៏បានភ្ញាក់ពីដេក ស្រាប់តែបាត់កាបូបស្ពាយ និងទូរស័ព្ទដៃម៉ាកដូចខាងលើពីកន្លែងទុក ហើយឃើញបង្អួចមានស្នាមគាស់បាក់គន្លឹះ រួចជនរងគ្រោះក៏បានដើរចេញទៅខាងក្រោយតូបស្នាក់នៅក៏បានឃើញកាបូបស្ពាយ និងក្រមាដែលជារបស់ខ្លួន ជនរងគ្រោះក៏បានបើកកាបូបមើលពុំឃើញមានលុយ និងខ្សែកខាងលើឡើយ។ ពេលនោះជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។
រហូតដល់វេលាម៉ោង១១និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងបានបើកការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបាននៅត្រង់ចំណុចផ្ទះសំណាក់ស្លឹងមាស ផ្លូវលេខ៣៧១ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតែម្ដង។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបាន ធ្វើសកម្មភាពគាស់បង្អួចតូបស្នាក់នៅរបស់ជនរងគ្រោះ លួចយកទ្រព្យសម្បត្តិប្រាកដមែន ។
វត្ថុតាងដកហូតបានរួមមាន ១-ទូរស័ព្ទម៉ាកoppo ពណ៌ខ្មៅចំនួន០១គ្រឿង , ២-ខ្សែកលោហធាតុពណ៌លឿងមានបន្តោងពណ៌ក្រហមចំនួន០១ខ្សែ
សម្ភារបាត់បង់៖ លុយខ្មែរចំនួន ១,១០០,០០០ រៀល (មួយលានមួយសែនរៀល)។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋាបាលដង្កោធ្វើការឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិករដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕
ដោយ ៖ ភារ៉ា ដង្កោ