ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះអ្នកស្លាប់ដោយពុលស្រាកើនដល់១០នាក់និង អ្នកមានអាការ:ធ្ងន់ស្រាលមាន៨១នាក់ ខណ:សមត្ថកិច្ចឃាត់ខ្លួនពីរនាក់ប្តីប្រពន្ធ ជាអ្នកផលិតស្រា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តាមការរាយការណ៍បន្តពីនាយនគរបាលប៉ុស្តិ៍អន្សាចំបក់បានឲ្យដឹងថា មកដល់ម៉ោង១១ព្រឹកថ្ងៃទី៣ ខែមិថុនានេះ អ្នកស្លាប់ដោយពុលស្រាកើនដល់១០នាក់ និងអ្នកមានអាការ:ធ្ងន់ស្រាលកំពុងព្យាបាលក្នុងមន្ទីរពេទ្យមាន៨១នាក់ ខណ:សមត្ថកិច្ចឃាត់ខ្លួនប្តីប្រពន្ធ២នាក់ជាអ្នកផលិតស្រាបណ្តាលឲ្យពុល។

ប្រភពដដែលបានឲ្យដឹងទៀតថាករណីពុលស្រា.ស  ស្លាប់ជាបន្តបន្ទាប់នេះកើតឡើង នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចំនួន៣ភូមិ ភូមិសានសរ ភូមិថ្គោលធំ និងភូមិកំពង់ថ្គោល ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១មកម្ល៉េះ ខណ:អ្នកខ្លះផឹកស្រាសពេលចូលរួមបុណ្យសពអ្នកភូមិនិងខ្លះទៀតទិញយកទៅប្រើប្រាស់ក្នុងគ្រួសារ។

សមត្ថកិច្ចបានឲ្យដឹងថាបើយោងតាមការបំភ្លីរបស់ ឈ្មោះ តាវ សុគា ភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងឈ្មោះ សឿង រស់ ភេទស្រីអាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងឈ្មោះ ស្រី សារ៉ា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបំភ្លឺថា ពួកគាត់បានទិញស្រាស ពីឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មកលក់បន្តជាប្រចាំ។តែ ខណៈដឹងរឿងហេតុថាមានអ្នកពុលស្រាស្លាប់មនុស្ស ស្រាប់តែ ឈ្មោះ ទ្រី វណ្ណា បានជិះម៉ូតូ និងទូរស័ព្ទប្រាប់ឲ្យពួកគាត់ ចាក់ស្រាសចោលទៅ ដោយឈ្មោះ ទ្រី វណ្ណា សុខចិត្តជួយចេញសោហ៊ុយខាតឲ្យវិញ ។

បើតាមការបំភ្លីរបស់ ឈ្មោះ មិទ្ធិ ចាន់កញ្ញា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្គោលធំ ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ រយៈកាលកន្លងមក ម្តាយក្មេកខ្លួនឈ្មោះ ខេន សុខគា បានទិញស្រាស ពីឈ្មោះទ្រី វណ្ណា អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកមកហូបប្រចាំថ្ងៃ។សព្វថ្ងៃនេះ ម្តាយក្មេកខ្លួនបានហូបស្រាដែលបានទិញពី ឈ្មោះទ្រី វណ្ណា ក្នុងមួយថ្ងៃ ១កូនកែវឬ២កូនកែវ ហើយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង៧ និង០០នាទីព្រឹក ស្រាប់តែមានអាការៈវិលមុខ និងងងឹតភ្នែកពួកខ្លួនក៏បញ្ជូនគាត់ទៅមន្ទីពេទ្យបង្អែកស្រុកក្រគរ ហើយគេក៏បានបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ លុះដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ គ្រូពេទ្យបានប្រាប់ថាគាត់ឡើងសម្ពាធឈាមដាច់សរសៃខួរក្បាល ស្លាប់បាត់ហើយ។ ចំណែកឈ្មោះ ហ៊ុល សុខជា ភេទស្រី និងឈ្មោះ ប៉ុល កាន ភេទស្រី គាត់បានហូបស្រាជាមួយម្តាយក្មេកខ្លួនដែរបន្ទាប់មកពីធ្វើការរោងចក្រ ហើយគាត់ទាំង០២នាក់នេះ មុនពេលស្លាប់ ពួកគាត់ក៏ មានអាការៈដូចម្តាយក្មេកខ្លួនដែរ ។លុះនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង ១២ និង ១៣នាទី ឈ្មោះ ទ្រី វណ្ណា បានមកចូលបុណ្យសពម្តាយក្មេកខ្លួនហើយគាត់បានចូលតូបលក់របស់ប្អូនថ្លៃខ្លួន ឈ្មោះ ឡាយ ចាន់រស្មី ឲ្យចាក់ស្រាដែលទិញពីគាត់ចាក់ចោល គឺឈ្មោះ ទ្រី វណ្ណា ចាក់ចោលខ្លួនគាត់ ស្រានៅក្នុងកានមានចំណុះប្រហែល ០៥ ទៅ ០៧លីត្រ ។

 ក្រោយទទួលព័ត៌មាន និងក្តាប់បានពីមុខសញ្ញាជនសង្ស័យ ករណីមនុស្សស្លាប់ដោយពិសាស្រាស ដូចខាងលើ  សមត្ថកិច្ចជំនាញ ក៏បានចុះឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការស្រាវជ្រាវ ។  ជនសង្ស័យទាំងពីរនាក់ ទី១ ឈ្មោះ ស៊ុយ គឹមទៀង ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ ទ្រី វណ្ណា ភេទស្រីអាយុ៦១ឆ្នាំ ជនជាតុខ្មែរ មានទីលំនៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី។

យ៉ាងណាករណីពុលស្រានេះ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវរកជនរងគ្រោះផ្សេងៗឯទៀតដែលផឹកស្រាសទិញពីការផលិតដោយឈ្មោះខាងលើ ព្រមទាំងទទួលដំណឹងថា ក្រៅពីមនុស្សជាង៩០នាក់នេះ ក៏នៅមានមនុស្សជាច្រើននាក់ទៀតដែលពិសាស្រាសនេះដែរ៕

ដោយ ៖ ប៉ឹម ពិន


ចែករំលែក៖