ខេត្តតាកែវ៖ បេីយោងតាមលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចដុត កម្ទេចចោល សត្វជ្រូកចំនួន ៥០ ក្បាល នៅក្នុង ភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ ក្រោយពីបានរកឃើញថា សត្វជ្រូកទាំងនោះ ត្រូវបានឈ្មួញ លួចនាំចូលពីក្រៅប្រទេសហើយមានផ្ទុកជំងឺ ប៉េស្ត ជ្រូកអាហ្វ្រិក។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានថ្លែងបន្តថា៖ សត្វជ្រូកដែលដុតបំផ្លាញចោលខាងលើនេះ ចំនួន ៥០ក្បាល ជាជ្រូកដែលក្រុមឈ្មួញ នាំចូលពីប្រទេសថៃ ដោយខុសច្បាប់ និងចាប់បានកាលពីសប្តាហ៍មុន នៅទីសត្តឃាតមួយកន្លែង នៅក្នុងខណ្ឌច្បារអំពៅ និងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអគ្គនាយក បន្ថែមទៀតថា នៅក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២១នេះ មន្ត្រីសមត្ថកិច្ច ជំនាញ បានបង្ក្រាបសត្វជ្រូក ដែលក្រុមឈ្មួញ លួចនាំចូលពី ក្រៅប្រទេស បានចំនួន ៣១ ករណី ហើយនេះ គឺជាលើកទី៤ហើយដែលមាន ការដុតកម្ទេចចោលសត្វជ្រូក លួចនាំចូល បន្ទាប់ពីរកឃើញមានជំងឺប៉េស្តជ្រូក អាហ្វ្រិក។ លោក ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងតែ ពង្រឹងវិធានការ ទប់ស្កាត់ការនាំចូល ផលិតផលកសិកម្ម ពីបរទេស ដោយបង្កើន ផលិតផល ក្នុងស្រុក ឱ្យបានល្អប្រសើរឡើងវិញ ហើយជាការកត់សម្គាល់ ឃើញថា ការចិញ្ចឹមជ្រូកក្នុងស្រុក បានកើនឡើង ១០ ភាគរយបន្ទាប់ពីកាត់បន្ថយ ការនាំចូល។
ជាមួយគ្នានេះ លោកអគ្គនាយក បានឆ្លៀតយកឱកាសនេះ អំពាវនាវឱ្យក្រុមឈ្មួញ បញ្ឈប់ការលួចនាំចូល ពីក្រៅប្រទេស ក៏ដូចជា ស្នើដល់ប្រជាពលរដ្ឋជួយ រាយការណ៍ ដល់សមត្ថកិច្ច ក្នុងករណីសង្ស័យ ឃើញមានការលួចលាក់ នាំចូលដោយខុសច្បាប់ សំដៅទប់ស្កាត់នូវ ជំងឺសត្វជ្រូកនេះ។ បន្ថែមពីនេះ លោកថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះការឆ្លងជំងឺប៉េស្ត ជ្រូកអាហ្វ្រិក ក្រោយរកឃើញ សត្វជ្រូកដែលនាំចូល ពីប្រទេសថៃ មានកើតជំងឺនេះ។
គួរជម្រាបថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៨កន្លងទៅ ក្នុងប្រទេសចិន ហើយបានរីករាលដាល ដល់ប្រទេសវៀតណាម កាលពីដើមឆ្នាំ២០១៩ និងបានឆ្លងចូលដល់កម្ពុជា ដោយបានធ្វើឱ្យសត្វជ្រូក ងាប់ជាង ៤.០០០ ក្បាល និងខាតបង់ គិតជាទឹកប្រាក់ អស់ប្រមាណជា ៨០ ម៉ឺនដុល្លារអាមេរិក៕
ដោយ ៖ សហការី