ពលរដ្ឋប្រេស៊ីល បាននាំគ្នាដង្ហែក្បួនបាតុកម្មដោយវាយឆ្នាំង ចាននៅទូទាំងទីក្រុងធំៗក្នុងប្រទេសនេះនាថ្ងៃទី២ ខែមិថុនា (ពេលវេលាក្នុងតំបន់) ក្រោយពេលមានករណីឆ្លងកូវីដ-១៩ កើនឡើងជាង១សែននាក់ និងស្លាប់ជាង២៥០០នាក់ក្នុងមួយថ្ងៃ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានថ្លែងសុន្ទរកថា ស្តីពីសមិទ្ធផលនានារបស់រដ្ឋាភិបាល ហើយបានសន្យាបង្កើនកំណើនសេដ្ឋកិច្ចក្នុងពេលដ៏ខ្លីខាងមុខ ។ ប៉ុន្តែប្រធានាធិបតី មិនបានលើកឡើងពីបញ្ហាប្រឈមដោយកូវីដ-១៩នោះឡើយ។
កន្លងមក ពលរដ្ឋប្រេស៊ីលជាច្រើនបាននាំគ្នាធ្វើបាតុកម្មទាមទារចោទប្រកាន់ទោសប្រធានាធិបតី ដោយសារតែមិនអាចដោះស្រាយវិបត្តិកូវីដ-១៩ ទុកឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។
មេដឹកនាំប្រេស៊ីល កំពុងប្រឈមនិឹងការថ្កោលទោសរិះគន់យ៉ាងខ្លាំងពីពលរដ្ឋ ក្រោយពីមានករណីឆ្លងកូវីដ-១៩ច្រើនក្នុងមួយថ្ងៃៗ គឺមានជាង១សែននាក់ និងស្លាប់ជាង ២៥០០នាក់ ។ តាមតួលេខរបស់ Worldometers ប្រេស៊ីលមានករណីឆ្លងសរុប១៧លាននាក់ និងស្លាប់ជាងកន្លះលាននាក់។
តាំងពីថ្ងៃទី២៩ ខែឧសភា មកទល់ពេលនេះមានបាតុកម្មកើតឡើងនៅ១៩ទីក្រុងក្នុងប្រទេសនេះ ។ បាតុកម្មដឹកនាំដោយគណបក្សប្រឆាំង និងសមាគមនិស្សិត-គ្រូបង្រៀន ប្រឆាំងការដឹកនាំរបស់ប្រធានាធិបតីដែលមិនមានវិធានការទប់ស្កាត់កូវីដ-១៩ ទុកឲ្យពលរដ្ឋជាច្រើនស្លាប់៕ដោយ៖ ធីរីណា
រូបភាព៖ Reuters