ព័ត៌មានទាន់ហេតុការណ៍៖

Update៖ គិតត្រឹមម៉ោង១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែមិថុនា នេះ អ្នកស្លាប់ដោយពុលស្រានៅ១០នាក់ដដែល ខណៈអ្នកមានអាការ:ធ្ងន់ស្រាលកើនដល់៨៤នាក់ ចំណែកប្តីប្រពន្ធ ផលិតស្រាបញ្ជូនទៅស្នងការនគរបាល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកនគរបាលស្រុកក្រគរបានឲ្យដឹងថា មកដល់ម៉ោង១២ និង០០នាទី ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នេះ អ្នកស្លាប់ដោយពុលស្រាមានចំនួន១០នាក់ដដែល ស្រីចំនួន៨នាក់ និងអ្នកមានអាការ:ធ្ងន់ និងស្រាលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនានារកឃើញកើនដល់ចំនួន៩១នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ចំនួន១៥នាក់ ស្រីចំនួន៦នាក់ មន្ទីរពេទ្យបង្អែកស្រុកក្រគរចំនួន២០នាក់ ស្រីចំនួន៦នាក់ នៅសាលាបឋមសិក្សាកោះរំដួល(ស្រុកក្រគរ)ចំនួន៤៤នាក់ ស្រីចំនួន៥នាក់ បញ្ជូនទៅមន្ទីរពេទ្យឯរាជធានីភ្នំពេញចំនួន១៥នាក់ ស្រីចំនួន២នាក់ សរុបកំពុងសម្រាកព្យាបាលចំនួន៨៤នាក់ ខណ:នេះសមត្ថកិច្ចបានបញ្ជូនខ្លួនប្តីប្រពន្ធ២នាក់ជាអ្នកផលិតស្រាបណ្តាលឲ្យពុល ទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃដដែលនេះ ។

មន្ត្រីនគរបាលស្រុកដដែលបន្តទៀតថាករណីពុលស្រា.ស ស្លាប់ជាបន្តបន្ទាប់នេះកើតឡើងចំនួន៣ភូមិ គឺភូមិសាន.ស ភូមិថ្គោលធំ និងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មកម្ល៉េះ ខណ:មុនដំបូងនាំគ្នាទិញស្រាផឹកធម្មតា បន្ទាប់មានអាការៈអស់កំលាំងវិលមុខ និងឈានដល់ស្លាប់ ប៉ុន្តែពុំមានការចាប់អារមណ៍នោះទេ ពេលចូលរួមបុណ្យសពក៍នាំគ្នាទិញស្រាផឹកកំដ៍ជាបន្តបន្ទាប់ រហូតមានអាការៈដល់ទៅចំនួន៣ភូមិបែបនេះ ។

មន្ត្រីនគរបាលបញ្ជាក់ទៀតថា បើយោងតាមការបំភ្លឺរបស់ ឈ្មោះ តាវ សុគា ភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងឈ្មោះ សឿង រស់ ភេទស្រីអាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងឈ្មោះ ស្រី សារ៉ា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបំភ្លឺថា ពួកគាត់បានទិញស្រាស ពីឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មកលក់បន្តជាប្រចាំ។តែ ខណៈដឹងរឿងហេតុថាមានអ្នកពុលស្រាស្លាប់មនុស្ស ស្រាប់តែ ឈ្មោះ ទ្រី វណ្ណា បានជិះម៉ូតូ និងទូរស័ព្ទប្រាប់ឲ្យពួកគាត់ ចាក់ស្រាសចោលទៅ ដោយឈ្មោះ ទ្រី វណ្ណា សុខចិត្តជួយចេញសោហ៊ុយខាតឲ្យវិញ ។

បើតាមការបំភ្លីរបស់ ឈ្មោះ មិទ្ធិ ចាន់កញ្ញា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្គោលធំ ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ រយៈកាលកន្លងមក ម្តាយក្មេកខ្លួនឈ្មោះ ខេន សុខគា បានទិញស្រាស ពីឈ្មោះទ្រី វណ្ណា អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកមកហូបប្រចាំថ្ងៃ។សព្វថ្ងៃនេះ ម្តាយក្មេកខ្លួនបានហូបស្រាដែលបានទិញពី ឈ្មោះទ្រី វណ្ណា ក្នុងមួយថ្ងៃ ១កូនកែវឬ២កូនកែវ ហើយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង៧ និង០០នាទីព្រឹក ស្រាប់តែមានអាការៈវិលមុខ និងងងឹតភ្នែកពួកខ្លួនក៏បញ្ជូនគាត់ទៅមន្ទីពេទ្យបង្អែកស្រុកក្រគរ ហើយគេក៏បានបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ លុះដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ គ្រូពេទ្យបានប្រាប់ថាគាត់ឡើងសម្ពាធឈាមដាច់សរសៃខួរក្បាល ស្លាប់បាត់ហើយ។ ចំណែកឈ្មោះ ហ៊ុល សុខជា ភេទស្រី និងឈ្មោះ ប៉ុល កាន ភេទស្រី គាត់បានហូបស្រាជាមួយម្តាយក្មេកខ្លួនដែរបន្ទាប់មកពីធ្វើការរោងចក្រ ហើយគាត់ទាំង០២នាក់នេះ មុនពេលស្លាប់ ពួកគាត់ក៏ មានអាការៈដូចម្តាយក្មេកខ្លួនដែរ ។លុះនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង ១២ និង ១៣នាទី ឈ្មោះ ទ្រី វណ្ណា បានមកចូលបុណ្យសពម្តាយក្មេកខ្លួនហើយគាត់បានចូលតូបលក់របស់ប្អូនថ្លៃខ្លួន ឈ្មោះ ឡាយ ចាន់រស្មី ឲ្យចាក់ស្រាដែលទិញពីគាត់ចាក់ចោល គឺឈ្មោះ ទ្រី វណ្ណា ចាក់ចោលខ្លួនគាត់ ស្រានៅក្នុងកានមានចំណុះប្រហែល ០៥ ទៅ ០៧លីត្រ ។
ក្រោយទទួលព័ត៌មាន និងក្តាប់បានពីមុខសញ្ញាជនសង្ស័យ ករណីមនុស្សស្លាប់ដោយពិសាស្រាស ដូចខាងលើ សមត្ថកិច្ចជំនាញ ក៏បានចុះឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការស្រាវជ្រាវ ។ ជនសង្ស័យទាំងពីរនាក់ ទី១ ឈ្មោះ ស៊ុយ គឹមទៀង ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ ទ្រី វណ្ណា ភេទស្រីអាយុ៦១ឆ្នាំ ជនជាតុខ្មែរ មានទីលំនៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី។
យ៉ាងណាករណីពុលស្រានេះ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវរកជនរងគ្រោះផ្សេងៗឯទៀតដែលផឹកស្រាសទិញពីការផលិតដោយឈ្មោះខាងលើ ព្រមទាំងទទួលដំណឹងថា ក្រៅពីមនុស្សជាង៩០នាក់នេះ ក៏នៅមានមនុស្សជាច្រើននាក់ទៀតដែលពិសាស្រាសនេះដែរ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖