ព័ត៌មានទាន់ហេតុការណ៍៖

រាល់ថ្ងៃឈ្មោះ ចែ ឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើខុសច្បាប់គ្រប់ប្រភេទយកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ចគ្រប់ផ្នែកក៏នៅតែធ្វើដេកលក់ដូចគ្នា

ចែករំលែក៖

ខេត្ត​ព្រះវិហារ ៖​ ប្រភព​រាយការណ៍​ថា​មេឈ្មួញប្រមូលទិញឈេីអត់ច្បាប់ ឈ្មោះ ចែ ឡែន នៅតែមមាញឹកក្នុងការដឹកជញ្ជូនឈើយក​ទៅលក់នៅខេត្តនានាជារៀងរាល់ថ្ងៃដដែលចំណែកសមត្ថកិច្ចគ្រប់ផ្នែកក៏នៅតែធ្វើដេកលក់ដូចគ្នាដដែល ។ ឈេីទាំងនោះដឹកចេញពីស្រុកត្បែងមានជ័យ​ ស្រុក​ឆែប​ ននិងស្រុកជ័យសែនបន្តកន្ទុយគ្នាឆ្លងកាត់ផ្លូវជាតិលេខ៦២ ។

តាមប្រភពពីសមត្ថកិច្ចសុំលាក់ឈ្មោះបានឱ្យដឹងថា ឈ្មួញឈើឈ្មោះ ចែឡែន សំរុកដឹកឈើតាមរថយន្តសាំយ៉ុងចំនួន៣គ្រឿងជារៀងរាល់យប់​ ចេញពីស្រុកខាង​លើ តាមបណ្តោយផ្លូវជាតិលេខ៦២ឆ្លងកាត់ស្រុករវៀង ឆ្លងកាត់បារាសសមត្ថកិច្ចចម្រុះតាមដងផ្លូវចូលខេត្តកំពង់ធំបានយ៉ាង​ស្រួល ចំណែកសមត្ថកិច្ចបានត្រឹមឈរ​មើលអត់បង្ក្រាប​និងខ្លះទៀតសំងំសំរាន្តធ្វើលក់ ។ 

ពាក់ព័ន្ធ​ទៅនិងសកម្មភាពដឹកឈេីល្មេីស​ច្បាប់​របស់ឈ្មួញ​ខាងលេីនេះ មិនត្រូវបានបង្រ្កាបត្រូវបានមជ្ឈដ្ឋានទូទៅ ដាក់ការសង្ស័យថា ពួកគេត្រូវរ៉ូវគ្នាជាប្រព័ន្ធដើម្បីផលប្រយោជន៍លាភសក្ការៈរួចបាត់ហើយ ។

ពាក់ព័ន្ធនិងករណីនេះ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ភ្នាក់ងារយើង ធ្លាប់បានខលតាមទូរស័ព្ទដើម្បីសុំបកស្រាយពន្យល់ ប៉ុន្តែលោកមិនលើកទទួលឬបើទទួលគាត់ថាជាប់ប្រជុំ ។

មហាជនលើកឡើងត្រង់ៗ ថា​ អស់លោកជាសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតាមដងផ្លូវជាតិលេខ៦២បើមានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលនៅតែបន្តកើតមានយ៉ាងពេញបន្ទុកនេះគឺងាយទេ ព្រោះពួកគាត់មិនអាចថាមិនស្គាល់បទល្មើសក្នុងដែនសមត្ថកិច្ចពួកគាត់នោះទេ ? ប៉ុន្តែបើពួកគាត់បន្លំធ្វើដេកលក់នោះគឺពិបាកដាស់ហើយ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖