ដំណើរការប្រណាំងកង់ផ្នែកនារី Tour de France របស់ប្រទេសបារាំងដែលបានរៀបចំឡើងជាលើកទី១ក្នុងរយៈពេល៣៣ឆ្នាំមកនោះ នឹងត្រូវរៀបចំឡើងក្នុងឆ្នាំ២០២២ខាងមុខនេះ។
BBC Sport បានផ្សាយថា អង្គភាពគ្រប់គ្រងការប្រណាំងកង់គឺ UCI បានប្រកាសពីប្រតិទិននៃការប្រកួតផ្នែកនារីពិភពលោកនៅឆ្នាំក្រោយដោយមានរយៈពេល៨ថ្ងៃនៃ Tour de France នៅថ្ងៃទី២៤-៣១ ខែកក្កដា។
ការប្រណាំងគ្រោងនឹងចាប់ផ្តើមនៅថ្ងៃចុងក្រោយនៃ Tour de Franceបុរសឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១-២៤ ខែកក្កដា។ ការប្រណាំងTour de France នារីបានដំណើរការជាមួយការប្រណាំងផ្នែកបុរសជាមួយអ្នករៀបចំដូចគ្នាពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៩ ។
បន្ទាប់ពីត្រូវបានកាន់កាប់ដោយអ្នករៀបចំថ្មីក្នុងឆ្នាំ១៩៩០ ការផ្លាស់ប្តូរឈ្មោះការប្រណាំងផ្នែកនារី និងបានផ្លាស់ប្តូរកាលវិភាគជាច្រើន។ ការផ្លាស់ប្តូរចុងក្រោយនៅឆ្នាំ២០០៩ ដោយកាលណោះម្ចាស់ជើងឯក Tour de France បានទៅលើកីឡាករិនី Emma Pooley របស់ចក្រភពអង់គ្លេស ។
អ្នករៀបចំកម្មវិធីកីឡាប្រណាំងផ្នែកបុរស Amaury Sport Organisation(ASO) បានចាប់ផ្តើមដំណើរការការប្រណាំងរបស់ស្ត្រីក្នុងឆ្នាំ២០១៤ ប៉ុន្តែទើបតែមានព្រឹត្តិការណ៍មួយ ឬពីរថ្ងៃប៉ុណ្ណោះដែលអាចរៀបចំដំណើរការបាន។
លោក Christian Prudhomme នាយក Tour de France បានប្រាប់កាសែត Guardian កាលពីខែមុនថា នឹងរៀបចំការប្រណាំងកង់កម្រិតពិភពលោកផ្នែកនារី World Tour level នៅឆ្នាំ២០២២ ។ ព័ត៌មានលំអិតនៃផ្លូវប្រកួត និងចំនួនដំណាក់កាលនៃការប្រណាំងនឹងមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
ជាមួយគ្នានេះការប្រណាំងកង់ Women’s Tour ដែលធ្វើឡើងនៅចក្រភពអង់គ្លេសនឹងវិលត្រឡប់ទៅរករដូវក្តៅធម្មតាវិញនៅឆ្នាំ២០២២ដែរ ហើយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៦-១១ ខែមិថុនា។ ចំណែកការប្រណាំងនៅឆ្នាំ២០២១នេះ ត្រូវបានពន្យារពេលដល់ថ្ងៃទី៤-៩ ខែតុលាដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ–១៩ ៕ ដោយ ៖ ភារៈ